Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ សម្រេចជួសជុលអគារសិក្សា១ខ្នង នៅវិទ្យាល័យបាកាន ដែលចាស់ទ្រុឌទ្រោម

17-02-2021 14:42

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចជួសជុលឡើងវិញនូវអគារសិក្សា១ខ្នង មាន៥បន្ទប់ ក្នុងវិទ្យាល័យបាកាន ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់សិស្សានុសិស្សដែលកំពុងខ្វះខាតអគារ។

ការសម្រេចជួសជុលអគារសិក្សាខាងលើ ត្រូវបានធ្វើឡើង ក្នុងឱកាសលោកចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យអគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងវិទ្យាល័យបាកាន។ ក្នុងនោះ លោក ម៉ៅ ធនិន បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សស្គាល់ឲ្យច្បាស់ពីពាក្យថា «ជីវិត» និងបានផ្ដល់ដំបូន្មានល្អៗ មួយចំនួន ជូនក្មួយសិស្សានុសិស្ស សម្រាប់ជាមេរៀន និងបទពិសោធន៍ទៅថ្ងៃអនាគត។

ក្រោយពីចុះពិនិត្យអាគារសិក្សាជាក់ស្តែង លោក ម៉ៅ ធនិន បានសង្កេតឃើញថា អាគារមួយចំនួន មានសភាពចាស់ទ្រុឌទ្រោម ទាមទារឲ្យធ្វើការជួសជុលឡើងវិញ និងស្ថាបនាបន្ថែម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់កូនក្មួយសិស្សានុសិស្សនៅទីនោះ ដែលកំពុងខ្វះខាតអគារ។

លោកបានសម្រេចឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ជួសជុលឡើងវិញ នូវអគារសិក្សា ១ខ្នង មាន៥បន្ទប់ ដែលការជួសជុលនោះ នឹងត្រូវចាប់ផ្តើម នាដើមខែមីនា ឆ្នាំ២០២១ខាងមុខ។ លោកបន្ថែមថា នេះជាចំណងដៃថ្មីសម្រាប់វិទ្យាល័យបាកាន អគារសិក្សាថ្មី១ខ្នង ពីរជាន់ មាន១២បន្ទប់ ក៏នឹងត្រូវលេចរូបរាងឡើង នាពេលខាងមុខ ក្រោមជំនួយឧបត្ថម្ភពីសម្បុរសជន និង១ខ្នង មាន៦បន្ទប់ទៀត សាងសង់នៅក្រុងពោធិ៍សាត់ ជាការឆ្លើយតបទៅនឹងកំណើនសិស្ស ក្នុងឆ្នាំ២០២១នេះផងដែរ៕