Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋ ១,២១៣គ្រួសារមានវិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ចាប់ឆ្នោតយកដីឡូតិ៍ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

07-02-2021 14:36

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ១,២១៣ គ្រួសាររស់នៅចំណុចបឹងជង្រុក៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់ពីលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវ ពិនិត្យសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកតាមបែបឈ្នះឈ្នះជូនពួកគាត់។

ពិធីចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី, នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

គិតមកដល់ថ្ងៃចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍នាថ្ងៃនេះ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលដឹកនាំផ្ទាល់ដោយលោក ប៉ាន់ខែម ប៊ុនថន សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានចុះមកប្រចាំការផ្ទាល់ រយៈពេល៣ខែ និង១០ថ្ងៃហើយ។

បន្ទាប់ពីពិធីសែនក្រុងពលី បើកការដ្ឋានផ្តើមការអភិវឌ្ឍកាល ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សកម្មភាពស្ថាបនាផ្លូវ និងសាងសង់សមិទ្ធផលនានារួមមានដូចជា៖ សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការកងរាជអាវុធហត្ថ ស្នាក់ការភូមិ អគារកាកបាទក្រហម វត្ត សួនច្បារកន្លែងហាត់ប្រាណ ស្រះទឹកជាដើម បានបោះជំហានអភិវឌ្ឍយ៉ាងលឿនឥតស្រាកស្រាន្តជារៀងរាល់ថ្ងៃ ដើម្បីឆាប់សម្រេចបានសមិទ្ធផល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋបានក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាការជួយជំរុញលើកកម្ពស់កែលម្អជីវភាព របស់ពួកគាត់ឱ្យល្អប្រសើរឡើងក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ តាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជានាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋចាប់ឆ្នោត ទទួលបានក្បាលដីឡូតិ៍រៀងៗខ្លួន ពួកគាត់អាចរុះរើផ្ទះចេញពីដីគេ យកទៅសាងសង់លើដីគាត់វិញ ចាប់ពីថ្ងៃចាប់ឆ្នោតនេះរហូតដល់ដើមខែមេសាខាងមុខ ដើម្បីមានពេល រៀបចំផ្ទះសំបែងទទួលទេវតាឆ្នាំថ្មី នាពេលខាងមុខទាំងអស់គ្នាដោយរីករាយ៕