Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះភិក្ខុ គូ សុភាព៖ ថ្ងៃមាឃបូជា ពុទ្ធសាសនិក គួរសម្អាតចិត្តរក្សាសីល និងចេះខ្មាសបាប ខ្លាចបាប (Video inside)

27-01-2021 21:05

(ភ្នំពេញ)៖ នៅថ្ងៃទី១៥កើត ខែមាឃ គឺជាថ្ងៃនៃពិធីបុណ្យមាឃបូជា។ ដែលពុទ្ធសាសនិកនៅកម្ពុជា ក៏ដូចជាប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត តែងតែរៀបចំពិធីបុណ្យនេះឡើង។ ពិធីបុណ្យមាឃបូជា ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣។

ទី១៖ ជាការរំលឹកដល់ថ្ងៃធ្វើចតុរង្គសន្និបាត ឬមហាសន្និបាត ដំបូងបំផុត និងតែម្ដងគត់នៅក្នុងសម័យព្រះពុទ្ធនៅមានព្រះជន្ម។ ដែលមានព្រះសង្ឃចំនួន១,២៥០អង្គ បាននិមន្តមកចូលរួមនៅក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធ ដោយមិនមានការណាត់ទុកមុនឡើយ។ ហើយចំថ្ងៃឧបោសថ ដែលមានព្រះច័ន្ទពេញវង់ល្អ ខែមាឃ ចំណែកឯព្រះភិក្ខុដែលបានមកចូលរួមទាំងអស់ សុទ្ធសឹងតែជាព្រះអរហន្ត និង ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។

ទី២៖ ជាការរំលឹកដល់ថ្ងៃដែលព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ។ ឱវាទបាដិមោក្ខ ជាសិក្ខាបទ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែម្ដង ដែលជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។

ទី៣៖ ជាការរំលឹកដល់ថ្ងៃដែលព្រះពុទ្ធ ដាក់អាយុសង្ខារ តាមការទូលសុំពីមារ។ ដោយព្រះសម្មាសម្ពុទ្ធបានកំណត់យកថ្ងៃទី១៥កើត ខែវិសាខ ឆ្នាំម្សាញ់ ពោលគឺ៣ខែក្រោយព្រះពុទ្ធប្រកាសដាក់អាយុសង្ខារ ជាថ្ងៃដែលព្រពុទ្ធទ្រង់ចូលបរិនិព្វាន ក្នុងជន្មាយុ៨០ ព្រះវស្សា។

បើតាមព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានមានសង្ឃដីការថា សម្រាប់ប្រការដែលពុទ្ធបរិស័ទ គួរធ្វើនៅក្នុងថ្ងៃមាឃបូជា គួរតែមានការរៀបចំ បោសជូតសម្អាតអាសនៈព្រះប្រសិនជាមាន និងធ្វើទានរក្សាសីល សមាធិ ដើម្បីបង្កើតបញ្ហា។ ជាពិសេស គួរបង្រៀនកូនតូចៗ ឲ្យចេះធ្វើបុណ្យរក្សាសីល ដើម្បីឲ្យពួកគេបានឈ្វេងយល់ពីព្រះពុទ្ធសាសនាតាំងពីតូចទៅ៕