Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការវិភាគនឹងត្រូវធ្វើឡើងវិញ ប្រសិនបើ MH370 នៅតែរកមិនឃើញ

18-02-2016 14:23

(អូស្ត្រាលី)៖ ការស្រាវជ្រាវ និងរុករកបំណែករបស់យន្តហោះម៉ាឡេស៊ី MH370 ជិតដល់ពេលកំណត់ដែលត្រូវបញ្ចប់ហើយ ប៉ុន្តែក្រុមអ្នករុករកអូស្ត្រាលីបានលើកឡើងថា គេនឹងប្រមូលផ្តុំអ្នកជំនាញ ដើម្បីវិភាគសាឡើងវិញ អំពីកន្លែងដែលយន្តហោះនោះបានធ្លាក់កាលពី ២ឆ្នាំមុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុមរុករកដឹកនាំដោយអូស្ត្រាលី បានចេញប្រតិបត្តិការរបស់ខ្លួនជិតមួយឆ្នាំមកហើយ បន្ទាប់ពីយន្តហោះខាងលើនេះ បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដោយពីដើមឡើយគេ បានសង្ស័យថា យន្តហោះទំនងជាធ្លាក់នៅតំបន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ហើយបានកំណត់ផ្ទៃសមុទ្រដើម្បីរុករកប្រមាណ ១២០,០០០ គីឡូម៉ែត្រក្រឡា។

លោក ម៉ាទីន ដូឡាន (Martin Dola) ប្រធានការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសមួយថា «យើងមិនទាន់អាចកំណត់បានទេនាពេលនេះ ប៉ុន្តែនៅពេលឆាប់ៗខាងមុខ យើងប្រាកដជាអាច។ យើងនឹងរាយការណ៍ទៅរដ្ឋាភិបាលអំពីលទ្ធផល និង អ្វីដែលនឹងត្រូវធ្វើ»។

យ៉ាងណាក៏ដោយ ការវិភាគឡើងវិញអាចនឹងត្រូវធ្វើឡើង បន្ទាប់ពីការរុករកតាមផែនការត្រូវបញ្ចប់ ដើម្បីស្វែងរក ថាតើយន្តហោះ និងមនុស្សទាំងអស់ ធ្លាក់នៅទីណាឲ្យប្រាកដ។

គួរបញ្ជាក់ផងដែរថា យន្តហោះ Malaysia Airlines Flight MH370 ជាមួយនឹងមនុស្សនៅលើយន្តហោះ ២៣៩​នាក់បានបាត់ដំណឹង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់​ទីក្រុងប៉េកាំង៕