TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ជាករណីនាំចូល ខណៈអ្នកជំងឺម្នាក់ទៀតជាសះស្បើយ (Video inside)
27-12-2020 07:11
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាករណីនាំចូល។
នៅថ្ងៃនេះ ក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺម្នាក់ផងដែរ។
អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៤៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើវត្ថុសំណាករបស់បុរសខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។
ចំណែកអ្នកជាសះស្បើយវិញ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៨នាក់។ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមាន៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧នាក់ និង៤នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕