Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំមេដឹកនាំអាស៊ាន-អាមេរិក បានបញ្ចប់ដោយជោគជ័យ

17-02-2016 08:01

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅក្នុងទំព័រ Facebook របស់សម្តេចនៅមុននេះបន្តិចថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រយៈពេលពីរថ្ងៃ (១៥-១៦ កុម្ភៈ) នៅទឹកដីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានបញ្ចប់ហើយប្រកប ដោយភាពជោគជ័យ ហើយភាពជាដៃគូយុទ្ធសាស្រ្ត ក៏ត្រូវបានពង្រឹងថែមមួយកម្រិតថែមទៀតរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យ នៃកិច្ចប្រជុំនេះ សម្តេច និងគណៈប្រតិភូកម្ពុជា បានចូលរួមវិភាគទានយ៉ាងច្រើនផងដែរ ក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា និង សហការី ដែលបានទទួលសម្តេច និងប្រមុខដឹកនាំប្រទេសអាស៊ានដទៃទៀត ដោយរាក់ទាក់ ស្និទ្ធស្នាល និងជិតស្និទ្ធ ព្រមទាំងរៀបចំកិច្ចប្រជុំល្អឥតខ្ចោះ ដែលជាកត្តាកំណត់ នៃជោគជ័យកិច្ចប្រជុំនេះផងដែរ។

ទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន មិនបានបង្ហាញលទ្ធផលលំអិត នៃកិច្ចប្រជុំនេះឡើយ។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ត្រូវបានគេរាយការណ៍ថា មេដឹកនាំអាស៊ាន-អាមេរិក បានពិភាក្សាផ្តោតជាសំខាន់ទៅបញ្ហាសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ ព្រមទាំងបញ្ហាសន្តិសុខនៅលើពិភពលោក និង ក្នុងតំបន់ ដូចជាការប្រឆាំងអំពើភេរវកម្ម ជម្លោះលំហរសមុទ្រចិនខាងត្បូង បូករួមបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕