Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រៃលិចទឹក និងព្រៃកោងកាងជាប់សមុទ្រនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅតែរងការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន, អាជ្ញាធរស្រុកថា នឹងចុះទៅពិនិត្យបន្ថែមនៅថ្ងៃស្អែក

13-12-2020 17:12

(ព្រះសីហនុ)៖ ព្រៃលិចទឹក និងព្រៃកោងកាងស្ថិតនៅតាមឆ្នេរសមុទ្រនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ នៅតែរងការកាប់បំផ្លាញពីសំណាក់មនុស្សមួយចំនួនតូច យកទៅធ្វើជាម្ចាស់កម្មសិទ្ធិឯកជន ទើបទោះពីជាអាជ្ញាធរ និងមន្រ្តីជំនាញបានចុះហាមឃាត់ និងទប់ស្កាត់នាពេលកន្លងទៅក៏ដោយ​ ។

អាជ្ញាធរស្រុកព្រៃនប់ បានអះអាងថា សម្រាប់ករណីនេះអាជ្ញាធរបានទទួលរួចមកដែរ និងថាចុះទៅពិនិត្យមើលសារជាថ្មីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ដើម្បីមានចំណាត់ការបន្តទៀត។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មួយចំនួន នាថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការបាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាង នៅបន្តកើតមានឡើងក្នុងរយៈពេលប៉ុន្មានខែមកនេះ ហើយកន្លងទៅ ក៏គេសង្កេតឃើញមាន វត្តមានមន្រ្តីជលផលបានចុះទៅដែរ ដើម្បីទប់ស្កាត់ ប៉ុន្តែហាក់មិនទាន់មានប្រសិទ្ធភាពនោះទេ។

បើតាមប្រជាពលរដ្ឋ ការកាប់បំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ បានចាប់ផ្តើមកើងឡើងខ្លាំងក្នុងរយៈពេលថ្មីៗ ដើម្បីយកទៅធ្វើកម្មសិទ្ធិឯក ហើយជនដែលកាប់នោះបានយកដំណាំទៅដាំផ្សេងៗ បន្លំរូបភាពថា ខ្លួនជាម្ចាស់កម្មសិទ្ធិកាន់កាប់ជាក់ស្តែងលើដីទាំងនេះ។ ប្រជាពលរដ្ឋចាត់ទុកថា សកម្មភាពទាំងនេះ បើគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្ត និងមន្រ្តីជំនញ ឲ្យមានប្រសិទ្ធភាពនោះទេ ទ្រព្យសម្បត្តិរបស់រដ្ឋ នឹងរងការបំផ្លាញកាន់តែខ្លាំងឡើងជាក់ជាមិនខានឡើយ។

ជុំវិញបញ្ហានេះ អភិបាលស្រុកព្រៃនប់ លោក ស កក្កដា បានថ្លែងថា លោកបានទទួលព័ត៌មានរួចហើយ និងចាត់ឲ្យមន្រ្តីចុះទៅមើលនៅថ្ងៃស្អែក។ អភិបាលស្រុករូបនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ករណីនេះខ្ញុំបាន ទទួលរួចហើយ និងស្អែកនឹងចាត់ឲ្យមន្រ្តីចុះទៅពិនិត្យមើល តែការងារនេះខាងជលផលជាអ្នកគ្រប់គ្រងច្រើនជាង»

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក៏មានគេប្តឹងទៅថ្នាក់លើផងដែរ ពីសកម្មភាពឈូសឆាយឆ្នេរដីព្រៃកោងកាង និងព្រៃលិចទឹក ហើយបើទោះមានមន្រ្តីជំនាញជលផលចុះមកហាមឃាត់ និងទប់ស្កាត់ តែសកម្មភាពទាំងនេះ នៅតែបន្តកើតឡើងថែមទៀត និងបានទាំងដាក់ដីទាំងនេះលក់ឲ្យឯកជនទៀតផងដោយមិនមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។

ប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំ លើចំណាត់ការរបស់អាជ្ញាធរខេត្តចំពោះបញ្ហានេះជាក់ជាមិនខាន ពីព្រោះកន្លងមក អាជ្ញាធរពាក់ព័ន្ធក្រោមការបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្ត បានធ្វើការទប់ស្កាត់សកម្មភាព ទាំងឡាយនៅក្នុងខេត្ត ពាក់ព័ន្ធនឹងការរំលោភយកទ្រព្យសម្បត្តិរបស់រដ្ឋទាំងដីធ្លី និងព្រៃឈើជាដើម មានប្រសិទ្ធភាពយ៉ាងខ្លំាំង៕