Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារកាណាឌីយ៉ា អំពាវនាវអតិថិជនរបស់ខ្លួន អញ្ជើញទៅប្រើប្រាស់សេវាធនាគារ នៅតាមសាខាផ្សេងៗ ក្រៅពីទីស្នាក់ការកណ្តាលក្នុងអគារកាណាឌីយ៉ា ដែលត្រូវបិទ

03-12-2020 11:10

(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបិទអគារវិមានកាណាឌីយ៉ា នៅមហាវិថីព្រះមុនីវង្សទាំងមូល ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ ដែលធ្វើការនៅធនាគារចិន (Bank of China) ក្នុងអគារនេះ, នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ដដែលនេះ តំណាងធនាគារកាណាឌីយ៉ា តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញមកអំពាវនាវដល់អតិថិជនរបស់ខ្លួន ដែលប្រើប្រាស់សេវាធនាគារកាណាឌីយ៉ា សូមអញ្ជើញទៅសាខាផ្សេងៗរបស់ធនាគារ ដែលនៅជិតលោកអ្នកបំផុត។

តំណាងធនាគារកាណាឌីយ៉ាបានបញ្ជាក់ថា បុគ្គលិកធនាគារដែលរកឃើញឆ្លងកូវីដ១៩ ថ្មីនេះ មិនមែនជាបុគ្គលិករបស់ធនាគារកាណាឌីយ៉ានោះទេ គឺជាបុគ្គលិករបស់ធនាគារចិន ដែលមានស្នាក់ការ ក្នុងអគារវិមានកាណាឌីយ៉ាតែប៉ុណ្ណោះ។

បន្ថែមពីការអំពាវនាវ ដល់អតិថិជនឲ្យអញ្ជើញ ទៅប្រើប្រាស់សេវានៅតាមសាខាផ្សេងៗ ក្រៅពីទីស្នាក់ការកណ្តាល នៅវិមានកាណាឌីយ៉ា ផ្លូវព្រះមុនីវង្សហើយនោះ ធនាគារនេះក៏បានស្នើដល់អតិថិជនរបស់ខ្លួន ប្រើប្រាស់នូវសេវាធនាគារបែបឌីជីថល តាមប្រព័ន្ធទូរស័ព្ទ និងតាមប្រព័ន្ធ ATM បានផងដែរ៕