ក្រសួងសុខាភិបាល កំណត់យកការធ្វើតេស្តចំនួន៣លើក លើអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារអគ្គនាយកពន្ធនាគារ (Video inside)
29-11-2020 08:14
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួននៃការធ្វើសេត្តរកវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៉ីអន ១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញ៦ករណីវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀតផងដែរ៕