CIA៖ ISIS បានបង្កើត និងប្រើប្រាស់អាវុធគីមី ព្រមទាំងគ្រោងលក់ ឲ្យលោកខាងលិច
12-02-2016 10:49
(វ៉ាស៊ីនតោន)៖ មេធំ CIA លោក John Brennan បាននិយាយថា សកម្មប្រយុទ្ធ ISIS បានប្រើប្រាស់អាវុធគីមី នៅក្នុងសមរភូមិប្រយុទ្ធ ហើយនៅពេលនេះ កំពុងតែស្វែងរកច្រកដើម្បីនាំចេញអាវុធគីមីនោះ ទៅលក់នៅលោកខាងលិច ដើម្បីបង្កើនប្រាក់ចំណូល នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ក្នុងកម្មវិធី 60 Minutes លោក Brennan បានបង្ហាញថា លោកមានភស្ដុតាង និងសំអាងច្បាស់លាស់ ដើម្បីបញ្ជាក់ថា ក្រុម ISIS ពិតជាបានបង្កើត និងប្រើប្រាស់អាវុធគីមីពិតមែន។
មន្ត្រីជាន់ខ្ពស់ CIA រូបនេះ បានបញ្ជាក់បន្ថែមទៀតថា អាវុធគីមីដែលក្រុមឧទ្ទាម ISIS បង្កើតបាននោះ មានសមត្ថភាពខ្ពស់គួរសម ប៉ុន្តែមិនសូវជាមានឥទ្ធិពលខ្លាំងក្លាណាស់ណាទេ តែទោះជាយ៉ាងណាក្ដី ក៏វាជាអាវុធគីមីមួយដែលអាចបំផ្លាញ់លោកបានដែរ៕