Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

JICA សន្យាបន្ដជំរុញការគាំទ្របន្ថែមទៀតដល់អង្គភាពស៊ីម៉ាក់ លើសម្ភារបច្ចេកទេសបោសសំអាតគ្រាប់មីន

21-11-2020 14:32

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានជួបជាមួយលោក Yuichi Sugano ប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។

ជំនួបដែលរៀបចំធ្វើឡើង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជម្រាបលា ក្នុងពេលដែលរូបលោក Yuichi Sugano ត្រូវបញ្ចប់បេសកកម្ម រយៈជាង៣ឆ្នាំកន្លះ នៅកម្ពុជា និងត្រូវវិលត្រឡប់ទៅជប៉ុនវិញ នៅសប្តាហ៍ក្រោយ។

ក្នុងជំនួបនោះ លោក ហេង រតនា បានគូសបញ្ជាក់ថា លោក Yuichi SUGANO ជាមិត្តភក្តិផង និងជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ផង សម្រាប់អង្គភាពស៊ីម៉ាក់។

លោកបន្ដថា លោក Yuichi SUGANO បានដឹកនាំសហការយ៉ាងល្អបំផុត ក្នុងការពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ ដោយជួយគាំទ្រ ដល់មន្ត្រីជំនាញស៊ីម៉ាក់ អាចបង្រៀនមន្ត្រីជំនាញ មកពីបណ្តាប្រទេស មានបញ្ហាគ្រាប់មីនដទៃទៀត រួមមាន៖ ប្រទេសកូឡំប៊ី ប្រទេសអ៊ីរ៉ាក់ ប្រទេសឡាវជាដើម។

ជាមួយគ្នានោះ លោក Yuichi SUGANO ក៏បានសន្សាថា នៅតែបន្តជំរុញការគាំទ្របន្ថែមទៀត ដល់អង្គភាពស៊ីម៉ាក់ លើសម្ភារបច្ចេកទេសបោសសំអាតគ្រាប់មីន៕