Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកពលរដ្ឋរងគ្រោះទឹកជំនន់ ត្រៀមខ្លួនដាំដុះឡើងវិញ ក្រោយសម្តេចតេជោ ប្រកាសផ្តល់ពូជស្រូវ និងពូជដំណាំ

25-10-2020 15:47

(កំពង់ធំ)៖ ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្តល់គ្រាប់ពូជស្រូវចំនួន ១០០គីឡូក្រាម ក្នុងមួយគ្រួសារ និងគ្រប់ពូជដំណាំចំនួន ៦មុខ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់, អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមបង្កបង្កើនផលក្រោយរដូវទឹកស្រកទៅវិញ។

ថ្លែងក្នុងពិធីចែកអំណោយនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅក្រុងស្ទឹងសែន លោក សុខ លូ បញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំ បានបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទាំង៩ ក្រុងស្រុក ដែលបង្កឲ្យមានការខូចខាតដំណាំរួមផ្សំផ្សេងៗ និងដំណាំស្រូវវស្សា ដែលត្រូវប្រមូលផលក្នុង ខែវិច្ឆិកា និងធ្នូ ខាងមុខ។

ដោយសង្កេតឃើញពីសេចក្តីលំបាកខ្វះខាតគ្រាប់ពូជស្រូវ និងដំណាំរួមផ្សំ ផ្សេងៗ ទើបសម្តេចប្រកាសនឹងផ្តល់ជូនពូជស្រូវក្នុងមួយគ្រួសារចំនួន ១០០គីឡូក្រាម និងពូជបន្លែ ចំនួន ៦មុខផ្សេងទៀត ដើម្បីដាំដុះឡើងវិញ។ នេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ជូនប្រជាពលរដ្ឋទូទៅមិនត្រឹមតែនៅក្នុងខេត្តកំពង់ធំប៉ុណ្ណោះទេ គឺសម្តេចនឹងផ្តល់ជូនទូទាំងប្រទេសដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងឆ្នាំ២០២០នេះ។

អភិបាលខេត្តកំពង់ធំ ស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកដែលពាក់ព័ន្ធគ្រប់ផ្នែកចុះ ឲ្យដល់មូលដ្ឋាន និងសិក្សាពីចំនួននៃតម្រូវរបស់ប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីធ្វើរបាយការណ៍ ជូនរាជរដ្ឋាភិបាលស្របតាមចក្ខុវិស័យដឹកនាំ និងការផ្តល់ជូនរបស់សម្តេចតេជោ ដើម្បីជួយសម្រាល ដល់ការលំបាករបស់ប្រជាពលរដ្ឋបានពិតប្រាកដ។

ជាមួយគ្នានេះដែរលោក សុខ លូ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជានាយកសមាគមបេសកម្មដំណឹងល្អ រួមនឹងក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្ទេត ដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក្នុងការលើកស្ទួយជីវភាពគ្រួសារឲ្យមានភាពប្រសើរឡើង៕