Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី អ៊ុងសាន ស៊ូជី តែងតាំងមន្ត្រីជំនាញៗ មុនការជ្រើសតាំងប្រធានាធិបតី

05-02-2016 16:35

(មីយ៉ាន់ម៉ា)៖ មេដឹកនាំគណបក្សឈ្នះឆ្នោតនៅមីយ៉ាន់ម៉ា (ភូមា) លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានសម្រេចតែងតាំង លោក ស្វេ ម៉ាន់ (Shwe Mann) ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបនោះ ឲ្យកាន់តំណែងជា ប្រធានក្រុមប្រឹក្សាផ្លូវច្បាប់ជាន់ខ្ពស់ ស្របពេលដែលសភាថ្មី ក៏នឹងត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតី មកពីគណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យនេះផងដែរ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ។

លោក ស្វេ ម៉ាន់ គឺជាមនុស្សមានឥទ្ធិពលលំដាប់ទី៣ នៅក្នុងជួរយោធា ដែលធ្លាប់បានដឹកនាំប្រទេសភូមាអស់រយៈពេលកន្លះសតវត្សរ៍ មុននឹងការប្រគល់អំណាចឲ្យរដ្ឋាភិបាលពាក់កណ្តាលស៊ីវិល ធ្វើឡើងកាលពីឆ្នាំ២០១១ នោះ។ ចំពោះតួនាទីរបស់លោក ស្វេម៉ាន់ ត្រូវបានកាសែតភូមា បញ្ជាក់ថា «លោកមានកតព្វកិច្ចផ្តល់ប្រឹក្សាដល់សភា តាមរយៈប្រធានរដ្ឋសភា ទៅលើបញ្ហផ្សេងៗ ពាក់ព័ន្ធនឹង ផ្លូវច្បាប់»។

លោក ស្វេម៉ាន់ បានទទួលតួនាទីថ្មីនេះ គឺមានអំណាចប្រហាក់ប្រហែលនឹងលោកស្រី ស៊ូជី ដែរ ដោយក្នុងនោះ លោកក៏ធ្លាប់បានដើរតួ ជាទីប្រឹក្សារបស់លោកស្រី ស៊ូជី បន្ទាប់ពីលោកស្រី បានឈ្នះ ការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥។ រដ្ឋាភិបាលថ្មី ត្រូវបានគេអះអាង ថានឹងឡើងកាច់អំណាចជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ខាងមុខ៕