Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: អាជ្ញាធរបន្ដបិទរថយន្ដធុនធំ មិនឲ្យធ្វើដំណើរលើផ្លូវជាតិលេខ៤ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដល់អូឌឹម រង់ចាំទឹកស្រកអស់ពីផ្លូវជាតិសិន (Video inside)

17-10-2020 16:00

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដបិទចរាចរណ៍ផ្លូវជាតិលេខ៤ សម្រាប់រថយន្ដធុនធំ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដល់ចំណុចអូឌឹម ដោយសារទឹកមិនទាន់ស្រកអស់ពីផ្លូវជាតិ។

អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា រហូតមកដល់រសៀលថ្ងៃទី១៧ ខែតុលានេះ អាជ្ញាធរនៅបន្ដបិទចរាចរណ៍រថយន្ដធុនធំ ដដែលនៅលើផ្លូវជាតិលេខ៤ ដោយអនុញ្ញាតឲ្យតែរថយន្ដតូចធ្វើចរាចរណ៍តែប៉ុណ្ណោះ។

បើតាមលោកអភិបាលខណ្ឌ ដរាបណាទឹកមិនទាន់ស្រកអស់ពីលើផ្លូវជាតិ អាជ្ញាធរមិនបើកចរាចរណ៍រថយន្ដធុនធំឡើងវិញទេ ព្រោះដើម្បីការពារហានិភ័យដែលអាចកើតឡើងជាយថាហេតុ និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវជាតិផងដែរ។

លោក ឃឹម ស៊ុនសូដា បានអះអាងថា សម្រាប់ស្ថានភាពទឹកនៅពេលនេះ ត្រង់ចំណុចអូឌឹម រៀងស្រកជាបន្ដិចហើយ នៅឡើយតែនៅមុខបញ្ជាការដ្ឋានកងទ័ពជើងគោក នៅលិចខ្លាំងដដែល។

គួរជម្រាបថា រដ្ឋបាលខណ្ឌកំបូល ក៏បានបង្ហាញផ្លូវបង្វែរទិសចរាចរណ៍ ដល់ម្ចាស់រថយន្តដឹកធុនធ្ងន់ទាំងអស់ផងដែរ អាចបង្វែរទិសចរាចរណ៍របស់ខ្លួន នៅផ្លូវជាតិលេខ៤ ចំណុចស្តុបផ្សារបែកចាន ឃុំបែកចាន តាមផ្លូវលខ៤២ ឆ្ពោះទៅផ្លូវជាតិលេខ៣ ឬតាមផ្លូវលេខ៥១ ទៅផ្លូវជាតិលេខ៥ ជាជំនួសវិញក្នុងរយៈពេលនេះ៕