ចៅប្រុសដែលបានមើលថែជីតាអាយុជិត១០០ឆ្នាំ ទទួលបានកម្មសិទ្ធិស្របច្បាប់ តាមការដោះស្រាយរបស់អភិបាលខេត្តកំពង់ចាម
12-10-2020 15:08
(កំពង់ចាម)៖ ក្រោយពីការប្រជុំដោះស្រាយករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋ នៅឃុំគរ ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចឲ្យចៅប្រុសដែលបានមើលថែជីតា ទទួលបានកម្មសិទ្ធិស្របច្បាប់ ដែលជីតាចង់ផ្តល់ឲ្យ។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដំណើរនៃរឿងក្តីនេះ ផ្តើមពីលោកតា ប៉ោ អួន អាយុ៩៧ឆ្នាំ មានកូនប្រុសពីរនាក់ ដោយកូនប្រុសទីមួយបានស្លាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ បន្ទាប់មក គាត់ក៏បន្តរស់នៅជាមួយកូនប្រសារ និងចៅប្រុស។
មន្ត្រីដដែលបានបញ្ជាក់ថា លោកតា គាត់មានដីលំនៅដ្ឋានមួយកន្លែង និងដីស្រែ២ កន្លែងទៀត ដោយគាត់បានបែងចែកដីស្រែ២កន្លែង ឲ្យទៅកូនទីពីរ រីឯដីលំនៅដ្ឋាន និងស្រែ១កន្លែងទៀត ចង់ផ្ទេរឲ្យចៅ ដែលជាកូនរបស់កូនទី១ និងជាអ្នកមើលថែគាត់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែប្រការនោះ ត្រូវបានកូនទី២ ជំទាស់ ទើបនីតិវិធីផ្ទេរកម្មសិទ្ធិ ត្រូវឆ្លងកាត់ការសម្រេចដោយសាលក្រមតុលាការ។
ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីបានប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ សិក្សាទៅលើករណីខាងលើនេះ លោកអភិបាលខេត្តកំពង់ចាម បានសម្រេចឲ្យចៅប្រុស ដែលបានមើលថែជីតារហូតមក ទទួលបានការផ្ទេរកម្មសិទ្ធិស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លីនោះ៕