ជប៉ុន អះអាងថា នឹងបាញ់កម្ទេចមីស៊ីលកូរ៉េខាងជើង បើសិនជាមីស៊ីលនោះ បានគំរាមដល់ទឹកដីខ្លួន
03-02-2016 12:05
(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ជប៉ុននឹងបាញ់កម្ទេចមីស៊ីល របស់កូរ៉េខាងជើង បើសិនជាការបាញ់សាកល្បងមីស៊ីល របស់កូរ៉េខាងជើង បានគំរាមដល់ទឹកដីជប៉ុន នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន AFP ចេញផ្សាយនៅមុននេះបន្ដិច។
នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីលជាង ៣០កន្លែងត្រូវបានដាក់ពង្រាយ មិនថានៅតាមព្រំដែនគោក និងទឹកនោះទេ ព្រោះដើម្បីការពារ និងសុវត្ថិភាព ខ្លាចមីស៊ីលរបស់កូរ៉េខាងជើង ឈ្លានពានមកដល់ទឹកដីរបស់ខ្លួន។
ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានជប៉ុន បានចេញផ្សាយថា កូរ៉េខាងជើង បានត្រៀមខ្លួនដើម្បីបាញ់សាកល្បងមីស៊ីលជាថ្មី នៅកន្លែងឆ្នេរសមុទ្រភាគខាងលិច ប៉ុន្តែមកដល់ពេលនេះ កូរ៉េខាងជើង នៅមិនទាន់បានបាញ់សាកល្បងនោះទេ បែរជាប្រកាសថា នឹងបាញ់បង្ហោះផ្ដាយរណប នៅក្នុងខែនេះទៅវិញ៕