ស៊យធំ! បើករថយន្តហួសផ្លូវ ជ្រុលទៅបុករបងភូមិគ្រឹះ សម្តេចពញាចក្រី ហេង សំរិន បាក់អស់២ផ្ទាំង រងរបួស២នាក់
02-02-2016 12:58
(ត្បូងឃ្មុំ)៖ បុរសម្នាក់រួម និងមិត្តភក្តិម្នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ក្រោយពីបើករថយន្តក្នុងល្បឿនលឿន ត្រង់ផ្លូវកោងស្រាប់តែ ជ្រុលទៅបុករបងភូមិគ្រឹះសម្តេចពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បណ្តាលឲ្យបាក់អស់២ផ្ទាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២៣៖៥០នាទី យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ត្រង់ផ្លូវបំបែកជា៣ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មុនពេលកើតហេតុ មានបុរស២នាក់បានជិះរថយន្តមួយគ្រឿងម៉ាក Mercedes ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 2F-9970 ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ផ្លូវបំបែកជា៣ ជិតភូមិគ្រឹះសម្តេច ហេង សំរិន អ្នកបើករថយន្តនោះ មិនបានបង្អង់ល្បឿននោះទេ ធ្វើឲ្យរថយន្តជ្រុលទៅបុករបងភូមិគ្រឹះរបស់សម្តេច ហេង សំរិន បណ្តាលឲ្យបាក់អស់២ផ្ទាំង និងបណ្តាលឲ្យអ្នកដែលជិះនៅក្នុងរថយន្តទាំង២នាក់រងរបួស ខណៈដែលរថយន្តវិញ រងការខូចខាត ខាងមុខស្ទើរតែទាំ ងស្រុង។
សមត្ថកិច្ចបានបន្តទៀតថា អ្នកបើករថយន្តឈ្មោះ ណុច ភេទ អាយុ៣១ឆ្នាំ រងរបួសស្រាល រីឯអ្នករួមដំណើរជាមួយឈ្មោះ សវ៉ាន់ វឌ្ឍនាសារភូមិ អាយុ៤០ឆ្នាំ រងរបួសបាក់ដៃខាងឆ្វេង ត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះអាយុជីវីតផងដែរ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត រួមទាំងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពញ្ញក្រែក ខេត្តត្បូងឃ្មុំ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕