គ្រូបង្រៀនទទួលបានប្រាក់ខែ ដែលបានតម្លើងពីរាជរដ្ឋាភិបាល សម្រាប់ខែមករារួចហើយ
01-02-2016 16:49
(ភ្នំពេញ)៖ នៅចុងខែមករាថ្មីៗនេះ គ្រូបង្រៀនទទួលបានប្រាក់ខែ ដែលរាជរដ្ឋាភិបាលបានតម្លើង សម្រាប់ខែមករារួចហើយ។
ដោយចាប់ពីពេលនេះតទៅ, ប្រាក់ខែដែលរាជរដ្ឋាភិបាលតម្លើងនោះមានដូចជា៖ គ្រូបង្រៀនកម្រិតខ្ពស់បំផុត (ក១.១) ទទួលបានប្រាក់បៀវត្ស កើនដល់១ ២១៥ ០០០រៀល និង គ្រូកម្រិតទាបបំផុត ទទួលបានប្រាក់បៀវត្សកើតដល់ ៧០០៥០០រៀល (គ១.១០) នេះតារាងគិតប្រាក់បៀវត្ស គ្រូបង្រៀនចេញដោយក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បានចេញ អនុក្រឹត្យមួយស្តីពី ការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការនៃកម្ពុជា ពីចំនួន១៥២០រៀល ទៅដល់ចំនួន១៧០០រៀលក្នុងមួយសន្ទស្សន៍ ហើយតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ ត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦តទៅ៕