Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិព្នងម្នាក់ នៅស្រុកកោះ​ញែក​ក្រខ្លាំង​ពេក ឡើងបេះ​គ្រាប់​ស្លែង​ក្នុង​ព្រៃ​ធ្លាក់ស្លាប់, អ្នកភូមិជួយ​រៃលុយ​បានធ្វើ​បុណ្យជូន

29-01-2016 15:38

(មណ្ឌលគិរី)៖ ដោយសារជីវភាពក្នុងគ្រួសារទីទ័លក្រខ្លាំងពេក បុរសជនជាតិព្នងម្នាក់ បានសុំប្រពន្ធចូលព្រៃ ដើម្បីប្រកបរបររើសគ្រាប់ស្លែង យកកម្រៃមកផ្គត់ផ្គង់គ្រួសារ តែត្រូវបានធ្លាក់ពីលើដើមស្លែង ស្លាប់បាត់បង់ជីវិតបន្ទាប់ពីនាំយកមកដល់ផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិអន្រ្តេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ លោក ហ៊ីង ច្រិៈ មេភូមិអន្រ្តេះ បានរៀបរាប់ថា មុនពេលកើតហេតុ ដោយសារតែក្នុងស្ថានភាពគ្រួសាររបស់ខ្លួន ទីទ័លពេក ជនរងគ្រោះបានជជែកគ្នាជាមួយប្រពន្ធ ហើយសុំប្រពន្ធចូលព្រៃប្រកបរបររើសគ្រាប់ស្លែង មកលក់ដើម្បីបានប្រាក់ដោះស្រាយជីវភាព ហើយរបររើសគ្រាប់ស្លែងនេះ ក៏ជារបរលើកទីមួយទៀតផង តែអកុសលត្រូវបានអស់ជីវិតនៅពេលនេះតែម្តងទៅ។ លោកមេភូមិខាងលើបានបន្តទៀតសូម្បីតែការធ្វើបុណ្យទាន របស់សព ត្រូវបានអ្នកស្រុកជួយគ្នាបន្តិចបន្តួចក្នុងការចាត់ចែងដែរ ព្រោះគ្រួសារមួយនេះមានភាពទីទ័លខ្លាំងពេក។ ប្រពន្ធសពឈ្មោះ ផយ លឺច អាយុជាង៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានឱ្យដឹងថា រាល់ថ្ងៃគ្រួសារគាត់ មានសមាជិកចំនួនបួននាក់ ឪពុកម្តាយ និងកូនចំនួន២នាក់ រស់នៅក្នុងផ្ទះតូចមួយប្រក់ស្បូវចាស់ទ្រុឌទ្រោមស្ទើររលំ រកបានព្រឹកខ្វះល្ងាច មានពេលខ្លះស្ទើរដាច់​អាហារមួយពេលៗ​ទៀតផង ជួបរឿងបែបនេះហើយ ប្តីរបស់ខ្លួនបានសម្រេចចិត្តចូលព្រៃរើសគ្រាប់ស្លែងមកលក់បានកំរ៉ៃខ្លះ យកមកដោះដូរអាហារ។ តែពេលនេះប្តីរបស់នាងបានស្លាប់ចោលទៀតធ្វើឱ្យគ្រួសាររបស់គាត់ កាន់តែជួបភាពទីទ័លនេះធ្ងន់ទៅៗ គ្មានថ្ងៃល្ហែរឡើយ។គ្រួសារសពបាន និងកំពុងដង្ហោយរកសុំជំនួយពីបណ្តាសប្បុរស ជននានា ដែលមានសប្បុរសធម៌មកលើក្រុមគ្រួសារគាត់។

លោក កាន់ ពេញ អធិការនគរបាលស្រុកកោះញែក ឲ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ពីលើ ដើមស្លែងពិតមែន។ ជនរងគ្រោះជាសពឈ្មោះ សប់ ភើន អាយុ៣៧ឆ្នាំ ជនជាតិព្នង​រស់នៅ ភូមិអន្រ្តេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិតជាមានជីវភាពក្រីក្រមែន ហើយការចាត់ចែងធ្វើបុណ្យរបស់សពនេះ គឺបានមកពីការជួយជ្រោមជ្រែងពីអ្នកភូមិ ៕