Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ចិន បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី៣ នៅដើមខែក្រោយ

29-01-2016 11:21

(ភ្នំពេញ)៖ នៅដើមខែកុម្ភៈ ខាងមុខនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅប្រទេសចិន ដើម្បីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានលោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋ នៃរដ្ឋាភិបាលចិន និងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ធ្វើជាសហប្រធាន សម្រាប់ពិនិត្យលើការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត ទូលំទូលាយរវាងប្រទេសទាំងពីរ។

សេចក្តីជូនព័ត៌មាន បានឲ្យដឹងទៀតថា នៅអំឡុងពេលស្នាក់នៅប្រទេសចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងចូលសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនផងដែរ។

សូមបញ្ជាក់ថា ៦​ឆ្នាំ​ក្រោយ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន ​បាន​ឡើង​កាន់​អំណាច និង​២​ឆ្នាំ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសបារាំង កម្ពុជា និង​ចិន បាន​ចាប់​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​។ ដំបូងឡើយ​ទំនាក់ទំនងកម្ពុជា-ចិន គ្រាន់តែជាទំនាក់ទំនង​ក្រៅ​ផ្លូវការប៉ុណ្ណោះ ហើយបានប្រែក្លាយជា​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​មួយ បន្ទាប់ពីមានជំនួបរវាង​សម្តេច​ព្រះ នរោត្តម សីហនុ និងលោក ​ជូ អេន​ឡាយ នាយករដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​សន្និសីទ​ប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ​ នៅ​ក្រុង​ Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ​១៩៥៥។
ចាប់តាំងពី​ដើម​ឆ្នាំ​១៩៥៨ បើ​ទោះ​ជា​ចិន ​និង​កម្ពុជា មិន​ទាន់​មាន​ទំនាក់​ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​គ្នា​ក៏ដោយ ថ្នាក់​ដឹកនាំ ​នៃ​ប្រទសទាំងពីរ​តែង​តែ​បំពេញ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក ហើយ​ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏សំខាន់​មួយ​ដល់​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៥៨ កម្ពុជា-ចិន បាន​ឈាន​ទៅ​បង្កើត​ទំនាក់​ទំនង​ការទូត ហើយ​បាន​ក្លាយ​ជាដៃគូ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ប្រកប​ដោយ​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក។
 ដោយ​ឈរ​លើស្មារតី​មិត្តភាព​ជាអមតៈ និងដើរ​តាម​មាគ៌ា​​របស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​​កម្ពុជា បាន​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព ទំនាក់​ទំនង​ការទូត ​និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន រហូត​ឈាន​ដល់​កម្រិត​ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕