Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លូនស្រ្តីម្នាក់ តាមដីការបស់ព្រះរាជអាជ្ញា ដល់ខេត្តព្រះវិហារ ពីបទរំលោភសេចក្តីទុកចិត្ត (Video inside)

03-09-2020 16:56

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានតាមឃាត់ខ្លួនស្រ្តីម្នាក់ ដល់ស្រុកគូលែន ខេត្តព្រះវិហារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់រំលោភសេចក្តីទុកចិត្ត។

របាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ អៀង សេងហុង ហៅ សារិទ្ធ មុំ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤អា ផ្លូវលេខ០២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍បានបញ្ជាក់ថា ស្រ្តីរូបនេះបានយកប្រាក់ចំនួន ៨៣៥,០០០ដុល្លារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីឈ្មោះ មិន ស្វ័យ ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រឿងទិញដីធ្លី ដោយស្រ្តីរូបនេះបានបោកយកលុយពីជនរងគ្រោះទៅទិញ ហើយលក់បានលុយ តែមិនដែលបានយកលុយទាំងនេះមកឲ្យជនរងគ្រោះនោះឡើយ។

ក្រោយដឹងថាជនរងគ្រោះឆបោក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តំណាងអយ្យការរហូតមានដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីចាត់ការតាមច្បាប់។ ក្រោយការឃាត់ខ្លួននៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កម្លាំងនគរបាលបាននាំខ្លួនស្រ្តីឆបោកមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕