Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីបារាំង ស្នើឲ្យស្រ្តីមានផ្ទៃពោះ ជៀសវាងការធ្វើដំណើរកម្សាន្ត ក្រៅប្រទេស ដោយសារវីរ៉ុស Zika កំពុងរីករាលដាល

29-01-2016 09:19

(ប៉ារីស)៖ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោកស្រី Marisol Touraine បានបញ្ជាក់ធ្ងន់ៗថា ស្រ្តីមានផ្ទៃពោះគួរជៀសវាងការធ្វើ ដំណើរកម្សាន្ត ទៅកាន់តំបន់ប្រទេសនៅទ្វីបអាមេរិក និងអាមេរិកកណ្តាល ដែលជាតំបន់រាលដាលករណីនៃវីរ៉ុស Zika នេះបើតាមព័ត៌មាន Xinhua ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។

«ស្ត្រីដែលនៅក្នុងប្រទេសបារាំង ហើយមានគម្រោងធ្វើដំណើរ ទៅកាន់តំបន់ Martinique, ប្រទេស Guyana និងបរទេស ប្រសិនបើមានផ្ទៃពោះ ខ្ញុំសូមបញ្ជាក់យ៉ាងធ្ងន់ៗថា ពួកគេគួរតែផ្អាកការធ្វើដំណើរ ដោយវាគឺជាបញ្ហាសុខភាពសាធារណៈ» នេះបើតាមសម្តីលោកស្រី Marisol Touraine បានបញ្ជាក់។ លោកស្រីបន្តថា ជំងឺនេះអាចមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងសសៃប្រសាទ ហើយសម្រាប់ស្ត្រីមានផ្ទៃពោះ ពួកគេអាចទទួលរងនូវជម្ងឺហត់ ហើយទារករបស់ពួកគេមានរាងកាយ មិនគ្រប់លក្ខណៈ។ តួរលេខពីក្រសួងសុខាភិបាល បានបង្ហាញថា ​វីរ៉ុស Zika ចំនួន១០២ករណី ត្រូវបានរាយការណ៍ឡើង នៅក្នុងតំបន់ Martinique និង៤៥នាក់ បានរងប៉ះពាល់នៅតំបន់ Guadeloupe និងកោះ St. Martin តំបន់អាមេរិកខាងជើង។

វីរ៉ុស Zika ចម្លងដោយសារសត្វមូស មានរោគសញ្ញា ផ្តាសាយ, ឈឺសន្លាក់និងសាច់ដុំ, ឈឺក្បាល, ចង់ក្អួត និងមានកន្ទួល។ ករណីវីរ៉ុស Zika ជាលើកដំបូងនៅអឺរ៉ុប បានកើតនៅប្រទេសដាណឺម៉ាក លើភ្ញៀវទេសចរជនជាតិដាណឺម៉ាកម្នាក់ ដែលបានផ្ទុកវីរ៉ុស នៅអំឡុងពេល លោកស្នាក់នៅតំបន់ខាងត្បូង និងអាម៉េរិកកណ្តាល។ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា វីរ៉ុស Zika អាចប៉ះពាល់ដល់មនុស្ស ៣ទៅ៤លាននាក់ នៅសហរដ្ឋអាម៉េរិក ហើយបានប្រកាសធ្វើកិច្ចប្រជុំជាបន្ទាន់ នៅថ្ងៃទី១កុម្ភៈខាងមុខ៕