Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សព ឌុច អតីតមេគុកទួលស្លែង ត្រូវបានបូជាក្នុងសភាពសោះកក្រោះជាទីបំផុត

02-09-2020 20:30

(ភ្នំពេញ)៖ សព កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ហៅមន្ទីរស-២១ ត្រូវបានបូជាហើយនៅរសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។

ឌុច បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង ០០៖៥១នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងអាយុប្រមាណ ៧៨ឆ្នាំ ដោយសារជំងឺរលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ។ លុះវេលាម៉ោងប្រមាណ ១២ថ្ងៃក៏ដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទៅកាន់វត្តចាក់អង្រែក្រោម ហើយក៏បូជាតែម្តង ដោយមិនមានការតម្កល់ទុកយូរនោះឡើយ។

នៅក្នុងវត្តចាក់អង្រែក្រោមកន្លែងបូជានោះ គេឃើញមានការរៀបចំពិធីបុណ្យតិចតួច និងមានសភាពស្ងប់ស្ងាត់បំផុត ដោយមានការចូលរួមពីសាច់ញាតិបន្តិចបន្តួច និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ។

កាំង ហ្កេចអ៊ាវ ហៅឌុច ថ្វីដ្បិតតែមិនមែនជាមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជាមេគុកទួលស្លែង ដែលជាប់ពាក់ព័ន្ធការធ្វើទារុណកម្ម និងសម្លាប់មនុស្សអស់ជាង ១ម៉ឺន ២ពាន់នាក់។

កាំង ហ្កេកអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឌុច ត្រូវបានចាប់ និងឃុំខ្លួន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ ត្រូវបានផ្ទេរមកឃុំខ្លួន ក្នុងមន្ទីរឃុំឃាំង អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កម្រិតទោសមួយជីវិត។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល បានចេញសាលដីកាសម្រេចផ្តន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត។ គាត់ត្រូវបានបញ្ជូនមកពន្ធនាគារខេត្តកណ្ដាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីអនុវត្តទោស។

គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល អស់រយៈពេល ០៧ឆ្នាំ ២ខែ និង២៥ថ្ងៃ។

មរណភាពរបស់ ឌុច បាននាំឱ្យជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះក្នុងរបបខ្មែរក្រហម ក៏ដូចជាអ្នកជាប់ឃុំនៅគុកទួលស្លែងផង បានបង្ហាញការយល់ឃើញ និងចំណាប់អារម្មណ៍ផ្សេងៗគ្នា។

អ្នកខ្លះបានព្រមអហោសកម្មឱ្យ ឌុច។ តែអ្នកខ្លះទៀតទំហំឈឺចាប់នៃទុក្ខទារុណកម្មបន្សល់នៅក្នុងរបបខ្មែរ និងទុក្ខទារុណកម្មដែលគេបានទទួលក្រោមការបញ្ជាផ្ទាល់របស់ ឌុច នៅក្នុងគុកទួលស្លែងនោះ មិនអាចបំភ្លេចបាន ហើយគេនៅតែឈឺចាប់ចំពោះទង្វើព្រៃផ្សៃរបស់ ឌុច។ ជនរងគ្រោះដែលមិនអាចបំភ្លេចនូវការឈឺចាប់ទាំងនេះ គេក៏នៅតែមិនអាចអត់ឱនទោសឱ្យ ឌុច ទោះបានស្លាប់ទៅហើយក្តី។

គេបានលើកឡើងថា ឌុច ដែលជាមេឃាតករបាត់ដៃប្រឡាក់ឈាមជនស្លូតត្រង់រាប់ម៉ឺននាក់ ហាក់បានស្លាប់ទៅស្រួលពេកហើយ បើធៀបនឹងទង្វើដែលគេបានសាងមិនសាកសមនោះឡើយ។

ការស្លាប់របស់ ឌុច បានបន្សល់ទុកសារជាគតិថា មេដឹកនាំដែលប្រព្រឹត្តទង្វើព្រៃផ្សៃដូចពួកខ្មែរក្រហមនេះ កុំថាឡើយគេស្អប់ពេលនៅមានជីវិត ទោះបីស្លាប់ទៅហើយ ក៏គេមិននៅតែស្អប់ និងមិនអត់ឱនឱ្យនោះឡើយ៕