Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៌ វង្ស ពិសេន ដឹកនាំកម្លាំងជិះឧទ្ធម្ភាគចក្រ ចេញប្រតិបត្តិការបន្តបង្រ្កាបបទល្មើសព្រៃឈើតាមគោលដៅ

27-01-2016 08:15

(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៌ វង្ស ពិសេន មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជានាយសេនាធិការ បានដឹកនាំកម្លាំង ជិះឧទ្ធម្ភាគចក្រ ចេញពីភ្នំពេញ ឆ្ពោះទៅតាមគោលដៅ នៃខេត្តជាប់ព្រំដែនវៀតណាម ដើម្បីត្រួតពិនិត្យ និងបន្តបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ទាំងនោះ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៌ត្រី អេង ហ៊ី បានប្រាប់អង្គភាព Fresh News ថា «ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៌ សៅ សុខា ដែលជាប្រធានគណ:កម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើនោះ នៅម៉ោង៨ព្រឹកនេះ លោកឧត្តមសេនីយ៌ វង្ស ពិសេន បានដឹកនាំកម្លាំង ចុះទៅពិនិត្យតាមគោលដៅ នានា ដើម្បីបន្តបង្ក្រាបបទល្មើសព្រៃឈើ»។

មន្រ្តីអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រាប់ផងដែរថា លោកឧត្តមសេនីយ៌ មេបញ្ជាការរង នឹងចុះទៅទីនោះ ដើម្បីពិនិត្យមើលការលួចដុតឈើជាច្រើនកំណាត់ ខណ:អភិបាលខេត្តអះអាងថា បណ្តាលមកពីភ្លើងឆេះព្រៃ។ ចំពោះការលួចដុតឈើហ៊ុបធំៗ របស់ក្រុមឈ្មួញដើម្បីបំផ្លាញភស្តុតាងចោល នៅទឹកដីខេត្តមណ្ឌលគិរីខាងលើនេះ ត្រូវបានមជ្ឈដ្ឋាន និងប្រជាពលរដ្ឋជាច្រើន ដែលលេង បណ្តាញសង្គម Facebook បានរិះគន់ចំៗ ទៅលើការនិយាយរបស់អភិបាលខេត្ត និងព្រះរាជអាជ្ញាថា គ្មានការទទួលខុសត្រូវ និងឆ្លើយឲ្យរួចតែខ្លួន រហូតអ្នកខ្លះស្នើឲ្យមានការផ្លាស់ប្តូរតំណែងមេដឹកនាំខេត្តមួយនេះទៀតផង។


សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត ក្នុងនោះមាន រដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើនិងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។