Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម»

29-07-2020 15:23

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម SME» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីដំណើរការ ក៏ដូចជានីតិវិធីពាក់ព័ន្ធនានា នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់ សហគ្រានធុនតូច និងមធ្យម ដើម្បីទទួលបានឥណទានមានការប្រាក់ទាប សម្រាប់ជំរុញបន្ថែមដល់ការអភិវឌ្ឍសហគ្រានធុនតូច និងមធ្យម ឲ្យមានលទ្ធភាព គ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងចំណូលជាក់ស្ដែងរបស់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុក ដែលជាកត្តាស្នូលដើម្បីលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ចជាតិ។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕