Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការនាំខ្លួន ហុង សុខហួរ សាកសួរបន្ថែមលើ ជុំវិញបទ​ចោទប្រកាន់​លើ លោក សម រង្ស៊ី

22-01-2016 20:01

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បាននាំខ្លួន លោក ហុង សុខហួរ ពីពន្ធនាគារព្រៃស មកសាកសួរបន្ថែមទៀត ជុំវិញបទចោទប្រកាន់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី។ នេះបើតាមការបញ្ជាក់របស់មេធាវី លោក ហុង សុខហួរ។

លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក ហុង សុខហួរ បានអះអាងថា នៅព្រឹកមិញនេះ តុលាការបានហៅលោក ហុង សុខហួរមកសួរនាំ។ លោកថា «ព្រឹកមិញនេះ តុលាការសួរលោក ហុង សុខហួរ ដើម្បីដាក់បន្ទុកលើលោក សម រង្ស៊ី ប៉ុន្តែគាត់សួរនរណាទៀតយើងក៏អត់ដឹងដែរ»
លោកបានបន្ថែមថា «តំណាងអយ្យការបានធ្វើការចោទប្រកាន់បន្ថែមទៅលើ លោកប្រធាន សម រង្ស៊ី ហើយពាក់ព័ន្ធទៅនឹងការចោទប្រកាន់ហ្នឹង ចៅក្រមស៊ើបសួរគេបាន​ស៊ើបសួរបន្ថែម​ទៀត ដើម្បីរកបន្ទុកចោទប្រកាន់លើ លោក សម រង្ស៊ី អញ្ចឹងតុលាការគេកោះហៅអ្នកផ្សេងៗ ដែលដឹងរឿងហ្នឹង»

Fresh News មិនអាចទំនាក់ទំនងទៅលោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ នៅល្ងាចថ្ងៃទី២២ ខែមករានេះ ប៉ុន្តែបើតាមលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានទទួលស្គាល់ថា នៅថ្ងៃនេះតុលាការពិតជាបាន ហៅលោក ហុង សុខហួរ មកសាកសួរបន្ថែមមែន ប៉ុន្តែលោកមិនដឹងថា សួរបានអំពីអ្វីខ្លះនោះទេ ។ លោក តាំង ស៊ុនឡាយ បាននិយាយថា «លោក ហុង សុខហួរ គេហៅគាត់មកសាកសួរទាក់ទងនឹងរឿងផែនទី ដែលចោទប្រកាន់រឿងប្រើប្រាស់ផេក សម រង្ស៊ី ដើម្បីបញ្ជាក់ពីករណី​ហ្នឹង...យើងអង្កេតរឿងបង្ហោះវីដេអូឃ្លីប»

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម អមដោយរូបភាពកែឆ្នៃខ្លឹមសារដើមនៃសន្ធិសញ្ញានេះ ហើយបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី ។ លោកត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន៣ករណីរួមមាន៖ បទក្លែងឯកសារសាធារណៈ , ប្រើប្រាស់ឯកសារ សាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។

សម្រាប់សំណុំរឿង ក្លែងឯកសារបង្ហោះលើ Facebook នេះ តុលាការក៏បានកោះហៅ លោក សម រង្ស៊ី ដែលជាម្ចាស់ទំព័រហ្វេសប៊ុក Sam Rainsy ឱ្យចូលខ្លួនឆ្លើយបំភ្លឺផងដែរ ៕