Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប ដាក់ចេញវិធានការសំខាន់ចំនួន៣ ក្នុងការទប់ស្កាត់ ការទន្រ្ទានដីរដ្ឋ ការងារសន្តិសុខ និងបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ

11-07-2020 15:48

(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ បានដាក់ចេញនូវវិធានការចំនួន ៣សំខាន់ៗ ក្នុងការទប់ស្កាត់ ការទន្រ្ទានដីរដ្ឋ ការងារសន្តិសុខ និងបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ។

ដែលវិធានការទាំង៣នោះរួមមានទី១៖ វិធានការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប, ទី២៖ ការបង្ការ ទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក និងទី៣៖ ដំណើរការ និងនីតិវិធីនៃការបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ។

ក្រោយការរាយការណ៍ និងពិភាក្សារួចមក លោកអភិបាលខេត្ត បានដាក់ចេញនូវ វិធានការនេះ សម្រាប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ យកទៅអនុវត្តដូចខាងក្រោម៖

*​ ត្រូវចុះពិនិត្យទីតាំភូមិសាស្រ្ត តាមផែនទីប្រើប្រាស់ដីឆ្នាំ២០០២ ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិប្រជាពលរដ្ឋ និងដីប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង។
* បង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្ម នៅតាមបណ្ដាក្រុង ស្រុក ដោយការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។
* ពិនិត្យលើដំណើរការ និងនីតិវិធី នៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ពិសេសឱ្យចំគោលដៅ គឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។

នាឱកាសនោះដែរ លោក ទៀ សីហា បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដាច់ខាត ចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។ បន្ថែមលើសនេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុមការងារ ដើម្បីដកសិទ្ធិ (ដកប័ណ្ណសមធម៌) ចំពោះគ្រួសារដែលមានលក្ខខណ្ឌមិនស្របតាមគ្រួសារក្រីក្រ តែមានប័ណ្ណសមធម៌ ហើយកងកម្លាំងប្រដាប់អាវុធ ត្រូវរៀបចំឱ្យមានកម្លាំល្បាត តាមពេលវេលា ទីតាំង ជាពិសេសមុខសញ្ញាមានសកម្មភាពលួច ឆក់ ប្លន់ និងគ្រឿងញៀន។ល។

លោកអភិបាល ក៏បានសង្កត់ធ្ងន់ថា មេឃុំ ចៅសង្កាត់ ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ ជូនប្រពរដ្ឋដែលក្រពិតប្រាកដ៕