Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលចាប់វាយខ្នោះចោរឆក់យ៉ាងសកម្មម្នាក់ នៅក្រុងតាខ្មៅ

06-07-2020 10:33

(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានចាប់ជនសង្ស័យម្នាក់ឈ្មោះ យីម សាំយូអែល អាយុ២៨ឆ្នាំ នៅភូមិព្រែកជើងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មនៅក្រុងតាខ្មៅ ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋថា មានករណីឆក់កាបូប២ករណី។

នគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយបុរសម្នាក់នេះបានឆក់កាបូបចំនួន២លើក។

*ករណីទី១៖ កើតហេតុថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។ ជនរងគ្រោះឈ្មោះ ភិន ស្រី ភេទស្រី អាយុ៦១ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

*ករណីទី២៖ កើតហេតុនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ២១ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ទឹម ចរិយា ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងតែជិះម៉ូតូតាមផ្លូវ ត្រូវជនសង្ស័យជិះម៉ូតូម្នាក់ឯង រួចធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះហើយជិះគេចខ្លួនបាត់ទៅ។ លុះមកដល់រសៀលថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២០ ពេលដែលកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវឃើញសង្ស័យ ជិះម៉ូតូដដែលចូលក្នុងទឹកដីក្រុងតាខ្មៅ ក្នុងគោលបំណងប្រព្រឹត្តបទល្មើសទៀត បានធ្វើការឃាត់ខ្លួនតែម្ដង។

យោងតាមចម្លើយសារភាពជនសង្ស័យបានឆ្លើយថា ពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ០២នាក់ខាងលើប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងត្រូវបានកសាងសុំនុំរឿងដើម្បីចាត់ការតាមនីតិវិធី៕