Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករ-កម្មការនី១៣នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់តៃកុងឡានម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកដីបុកឡានដឹកកម្មករនៅស្រុកកៀនស្វាយ

24-06-2020 23:05

(កណ្ដាល)៖ កម្មករ-កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨៖២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានឲ្យFresh News ដឹងព័ត៌មានបឋមថា ហេតុការណ៍នេះ បង្កឡេីងដោយរថយន្តដឹកដីបើកលើនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការនីដែលបើកបញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗផងដែរ ។

ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ រីឯរថយន្តត្រូវបានសម្របសម្រួលយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់ ៕