Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ញ៉ែម មរកត និងសប្បុរសជន រៀបចំអាហារ និងសំណេះសំណាលជាមួយជនមានពិការភាព ដើម្បីលើកទឹកចិត្តពួកគាត់ ឲ្យមានក្តីសង្ឃឹមក្នុងជីវិត

13-06-2020 10:39

(ភ្នំពេញ)៖ នៅសប្តាហ៍នេះ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកវិស័យពិការភាព និងសមាគមតន្ត្រីសំនៀងជនពិការ រួមជាមួយសប្បុរសជនជាច្រើនរូប បានរៀបចំអាហារសាមគ្គី និងសំណេះសំណាលជាមួយជនមានពិការភាព ដើម្បីលើកទឹកចិត្តពួកគាត់ ឲ្យរស់នៅប្រកបដោយក្តីសង្ឃឹមក្នុងជីវិត។

លោកស្រី ញ៉ែម មរកត បានឲ្យដឹងថា សកម្មភាពដ៏ល្អនេះ បានធ្វើឡើងដើម្បីបង្ហាញសប្បុរសជននានា និងសង្គមទាំងមូល កាន់តែបានស្គាល់ និងបានដឹងថា ជនពិការពិតជាមានការលំបាកណាស់ នៅក្នុងការរស់នៅ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ ពីសប្បុរសជន និងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជនមានពិការភាព បានរស់នៅប្រកបដោយក្តីសង្ឃឹមជានិច្ច។

លោកស្រីអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបន្តថា សកម្មភាពនេះ ក៏ដើម្បីជំរុញឲ្យមានការរួបរួមគ្នា ជួយបង្កឱកាសឲ្យជនពិការ មានការងារ មានមុខរបរ និងជីវភាពរស់នៅដោយសមរមដូចជនមិនពិការដែរ។

សូមបញ្ជាក់ ក្នុងឱកាសនោះ លោកស្រី ញ៉ែម មរកត និងសប្បុរសជន ក៏បានធ្វើខួបកំណើតឲ្យក្មេងពិការភ្នែកម្នាក់ឈ្មោះ សំណាង ដែលកើតមកងងឹតភ្នែកពីកំណើតផងដែរ។ សំណាងមានឪពុក ម្តាយ បងស្រី ជីតាបង្កើត ពិការភ្នែក១គ្រួសារ ហើយគាត់រស់នៅក្នុងបន្ទុកមើលថែផ្ទាល់ របស់ក្រុមគ្រួសារលោកស្រី ញ៉ែម មរកត ដោយមានការជួយឧបត្ថម្ភទឹកដោះគោ សម្ភារមួយចំនួនពីសប្បុរសជន។

គោលបំណងនៃការធ្វើខួបឲ្យ សំណាង គឺដើម្បីរួមគ្នាលើកទឹកចិត្តដល់ក្រុមគ្រួសារពិការភ្នែក ក៏ដូចជួយលើកកម្ពស់វិស័យពិការភាព កាត់បន្ថយការរើសអើងលើជនពិការ និងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕