Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលព្រំដែន

10-06-2020 20:18

(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយនគរបាលជាន់ខ្ពស់-នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានក្រើនរំលឹកនគរបាលព្រំដែនទាំងអស់ថា ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវការពារឲ្យបានដាច់ខាត់នូវបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកម្ទេចចោលពួកអមិត្តទាំងអស់ ដែលមានចេតនាចង់បំផ្លិតបំផ្លាញជាតិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានណែនាំទៀតថា ត្រូវពិនិត្យឡើងវិញនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរៀបចំឲ្យដំណើរការនូវប្រព័ន្ធការងារ តាមជំនាញនីមួយៗ ឲ្យបានច្បាស់លាស់។ អ្វីដែលល្អហើយគួរតែជំរុញលើកចិត្តគាំទ្របន្ថែមទៀត តែអ្វីដែលនៅខ្វះខាត ខ្វះចន្លោះ ដែលបន្សល់ទុក ត្រូវកែលំអរឡើងវិញ ហើយការងារដែលសំខាន់បំផុត គឺរួមរួបគ្នាជំរុញការងាររបស់ក្នុងនាយកដ្ឋាន ឲ្យរីកចម្រើនទៅមុខ ពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុង៕