Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តប៉ៃលិននឹងមានផ្លូវក្រវាត់ព្រំដែនមួយទៀតប្រវែងជាង៥គីឡូម៉ែត្រ, លោកអភិបាលខេត្តបន្តចុះពិនិត្យការស្ថាបនា ដើម្បីធានាគុណភាព

31-05-2020 11:33

(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែនថ្មីមួយខ្សែ លាតសន្ធឹងពីភូមិផ្សារព្រំដល់ភូមិអូរឈើក្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ផ្លូវក្រវាត់ព្រំដែនមួយខ្សែនេះមានប្រវែង ៥,២០០ ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេប្រវែង ១,៥០០ ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧០០ ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវប្រវែង ១០,៤០០ ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍខេត្ត។

ក្នុងពេលចុះត្រួតពិនិត្យនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល បានលើកឡើងថា ផ្លូវមួយខ្សែនេះ គឺជាកត្តាជួយជំរុញសេដ្ឋកិច្ចខ្ពស់នៅពេលដែលក្រុមការងារស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះជាប់ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ។

នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង៕