Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វារ ចុះជួបសំណេះសំណាល និងនាំអំណោយប្រគល់មន្ត្រីគណបក្ស ក្នុងខណ្ឌជ្រោយចង្វារ

20-05-2020 16:24

(ភ្នំពេញ)៖ លោកស្រី កែវ ច័ន្ទស៊ុនណារី ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រី មុំ ក្រសាល, លោក ប្រាក់ ចាន់ណា និងលោកស្រី អ៊ួង សុផល្លា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមន្ត្រីគណបក្សសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

លោកស្រី កែវ ច័ន្ទស៊ុនណារី ក៏បាននាំយកអំណោយរបស់លោក ឃ្លាំង ហួត ប្រធានគណបក្សខណ្ឌជ្រោយចង្វារ ឧបត្ថម្ភដល់គណបក្សសង្កាត់ទាំង២ សម្រាប់ចុះធ្វើ សកម្មភាពមនុស្សធម៌ ចែកជូនដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតក្នុងមូលដ្ឋានអំឡុងពេលដែលពិភពលោក កំពុងជួបវិបត្តិមេរោគកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោកស្រី កែវ ច័ន្ទស៊ុនណារី បានលើកឡើងថា វប្បធម៌ នៃការចែករំលែក គឺជាទ្រឹស្តីដ៏ពិសិដ្ឋ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាំងពីដើមរៀងមក និងបានកំពុងអនុវត្តរហូត ដល់ពេលបច្ចុប្បន្ន។

លោកស្រី កែវ ច័ន្ទស៊ុនណារី ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅកាន់មន្ត្រីគណបក្ស សង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារផងដែរ។

បន្ថែមពីនោះទៀតលោកស្រី កែវ ច័ន្ទស៊ុនណារី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីនៅរយៈពេលប៉ុន្មានចុងក្រោយនេះ កម្ពុជា មិនការឆ្លងរីករាលដាលជំងឺយ៉ាងណាក្ដី។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានយកទៅចែកជូន នាឱកាសនោះរួមមាន៖ អង្ករ២០០ប៉ាវ ស្មើនឹង២,០០០គីឡូក្រាម, មី២០០កេសតូច និងថវិកា៨លានរៀល សរុបជាថវិកាចំនួន១៦,៨០៤,០០០រៀល៕