Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ៖ ខ្ញុំសោកស្តាយបំផុតចំពោះការថតរូប Selfie ជាមួយដៃគូសន្ទនានយោបាយ ដែលសំបកក្រៅល្អូកល្អឺន តែបង្កប់នូវភាពមិនស្មោះត្រង់

13-01-2016 08:00

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានសម្តែងនូវក្តីសោកស្តាយបំំផុតចំពោះការថតរូប Selfie ជាមួយនៃគូសន្ទនានយោបាយរបស់លោក ដែលគេដឹងថា ជាប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដោយសម្តេចចាត់ទុកថា ជាការថតរូបដែលមើលសំបកក្រៅ ហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់ ប៉ុន្តែការពិតបង្កប់នូវភាពមិនស្មោះត្រង់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook Page របស់សម្តេចថា «កន្លងមកខ្ញុំធ្លាប់ សែលហ្វី (Selfie) ជាមួយដៃគូសន្ទនានយោបាយ ដែលមើលឃើញពីសំបកក្រៅហាក់ដូចជា ល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់។ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយភាពមិនស្មោះត្រង់ ដែលធ្វើអោយខ្ញុំសោកស្តាយបំផុតមកទល់ពេលនេះ»។

សម្តេចបានសរសេរទៀតថា «ថ្មីៗនេះខ្ញុំបានសាកល្បង Selfie ជាមួយយុវជន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលខ្ញុំបានឃើញច្បាស់នូវការគោរព ស្រឡាញ់ស្មោះស្ម័គ្រចេញពីបេះដូងពិតប្រាកដរបស់បងប្អូនកូនក្មួយ។ ខ្ញុំរំភើបរីករាយដែលបានផ្តល់នូវក្តីស្រឡាញ់ មិត្តភាព ក្តីសង្ឃឹម និង ភាពកក់ក្តៅតាមរយះ Selfie ដែលខ្ញុំបានថតជាមួយបងប្អូនជនរួមជាតិ និងយុវជនជាទីស្រឡាញ់ ។ សូមអរគុណចំពោះឱកាសដែលបាន Selfie ជាមួយគ្នាតាមបែបសាមញ្ញបំផុត ដែលកាន់តែធ្វើអោយរូបខ្ញុំបានជិតស្និទជាមួយបងប្អូនជនរួមជាតិទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនប្រជាពលរដ្ឋយ៉ាងច្បាស់ថា «សូមសុខសន្តិភាព និងសេចក្តីគោរពស្រឡាញ់បន្តកើតមាន ដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស ហើយខ្ញុំសន្យាថែរក្សាការពារសន្តិភាព ដើម្បីជនរួមជាតិ និងយុវជនកម្ពុជាកាន់តែមានឱកាសច្រើនឡើង ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង អោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»