Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាត់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ នៅខេត្តស្ទឹងត្រែង ជាប់ពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋ និងដកហូតគ្រឿងចក្រ ៣គ្រឿង

25-04-2020 17:21

(ស្ទឹងត្រែង)៖ មន្រ្តីយោធាលោកឧត្តមសេនីយ៍ទោ ចាន់ សំអាត ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃរបស់រដ្ឋជិត ៧០ហិកតា នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្ទឹងត្រែង បានរាយការណ៍នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា កាលពី២ថ្ងៃមុន សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបការឈូសឆាយដីព្រៃ របស់រដ្ឋចំនួន ៦៨ហិកតា ហើយក៏ឈានទៅដល់ការឃាត់ខ្លួនលោកឧត្តមសេនីយ៍យោធាផ្កាយ២ ចាន់ សំអាត ដែលសង្ស័យមានការជាប់ពាក់ព័ន្ធ។

តែយ៉ាងណាក៏ដោយ តាមព័ត៌មានដែលទទួលបាន នៅពេលនេះ លោកឧត្តមសេនីយ៍ទោ ចាន់ សំអាត កំពុងស្វែងរកកិច្ចអន្តរាគមន៍ដោះលែងឲ្យមានសេរីភាពឡើងវិញ។ ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មិនទាន់អាចសុំការបកស្រាយបាននោះទេ។

ផ្តើមចេញពីការបង្ក្រាបបទល្មើសនេះ បានកើតឡើងក្រោយពីលោក សៅ វាសនា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្ទឹងត្រែង បានរាយការណ៍ទៅអភិបាលខេត្ត ទើបអភិបាលខេត្តបញ្ជាកម្លាំងចម្រុះចុះទៅចាប់រឹបអូសយកគ្រឿងចក្រចំនួន ៣គ្រឿង និងឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ចាន់ សំអាត នៅទីតាំងដែលកំពុងឈូសឆាយតែម្ដង ដោយមិនមានការ អនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើនោះឡើយ៕