Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល់កុលក្លែងក្លាយ ៨១លីត្រ ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្តព្រះវិហារ រកឃើញ និងដកហូត

31-03-2020 15:29

(ព្រះវិហារ)៖ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ សហការជាមូយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងក្រោមការដឹកនាំរបស់លោកព្រះរាអាជ្ញាខេត្តព្រះវិហារ ចុះតាមដានការដាក់លក់ ម៉ាស៊ីនតេសត្ត Covid-19, ត្រួតពិនិត្យគុណភាពអាល់កុល, តម្លៃម៉ាស់, តម្លៃទឹកលាងដៃ ក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក ដួង មុនី ប្រធានសាខា ក.ប.ប ខេត្តព្រះវិហារ បានឲ្យដឹងថា គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោក កំពុងជួបប្រទះ នៃការរីករាលដាល នៃវីរុស COVID-19។

លោកប្រធានសាខា ក.ប.ប បានឲ្យដឹងបន្ថែមថា ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញអាជីវករមួយចំនួន បានកំពុងចរាចរធ្វើអាជីកម្ម លក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន៖ ចំនួន ៨១លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកនៅសាខា ក.ប.ប ខេត្តព្រះវិហារ ដើម្បីអនុវត្តនីតិវិធីបន្ត។

ក្នុងឱកាសនោះដែរ លោក ដួង មុនី ក៏បានសំណូមពរដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕