អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំសន្និសីទកាសែតរៀងរាល់ថ្ងៃ ម៉ោង៥ល្ងាច ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
02-01-2016 13:49
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើសន្និសីទសារព័ត៌មានរៀងរាល់ថ្ងៃ នៅវេលាម៉ោង៥ល្ងាច នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ។សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីប្រាប់ពីលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក។ នេះបើតាមការឲ្យដឹងពី មន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ មករា ឆ្នាំ២០១៦នេះ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានចំនួន១២ជំពូក និង៩២មាត្រា មានចំនួន៥១ទំព័រ ដែលមានក្រឹត្យក្រមតឹងរឹង ជាងច្បាប់ចាស់។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ត្រាសបង្កាប់ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ៕