លោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ PPIU ទទួលបានមេដាយ «ស្ថាបនាជាតិថ្នាក់មាស»
02-01-2016 13:45
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការ ជូនគ្រឿងឥស្សរិយយស ដល់លោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភ្នំពេញ ហៅកាត់ថា PPIU ដោយប្រគល់ជូននូវមេដាយស្ថាបនាជាតិថ្នាក់មាស។
មេដាយស្ថាបនាជាតិថ្នាក់មាស ដែលលោកស្រី កុលាប ទទួលបាននាពេលនេះ គឺជាមេដាយ មានស្នាដៃល្អ នៅក្នុងការបំពេញការងារ និងបានកសាងសមិទ្ធិផលនានា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ពន្ធធនាគារ។
យោងតាមអនុក្រឹត្យដដែល បានបញ្ជាក់ឲ្យដឹងថា ក្រៅពីលោកស្រី ទេព កូលាប ក៏មានការ បំពាក់គ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ជូនមន្រ្តីពន្ធធនាគារ និងសប្បុរសជន ចំនួន១១៤រូប ដែលមានស្នាដៃល្អ នៅក្នុងការបំពេញការងារ និងបានកសាងសមិទ្ធិផលនានា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ពន្ធធនាគារជាដើម។
លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភ្នំពេញ ហៅកាត់ថា PPIU ធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង១៥ខែ នាអំឡុងឆ្នាំ២០១១-២០១២ ពីបទរំលោភលើសេចក្តីទុកចិត្ត ក្នុងទំហំទឹកប្រាក់ច្រើនលានដុល្លារ របស់លោក កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ ប្រាឌ័រ និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតុលាការកំពូល កាត់ក្តីផ្តល់ភាពយុត្តិធម៌ជូនលោកស្រី ទេព កុលាប ឲ្យរួចផុតពីការចោទប្រកាន់របស់លោក កុក អាន វិញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២៕