រុស្ស៊ីនឹងសាងសង់អណ្តូងជីកប្រេងកាតសម្រាប់អ៉ីរ៉ង់ នៅឈូងសមុទ្រ Persian
02-01-2016 10:47
(អ៉ីរ៉ង់)៖ ក្រុមហ៊ុនសាងសង់នាវាមួយរបស់រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនអ៉ីរ៉ង់ ដើម្បីធ្វើការសាងសង់អណ្តូងជីករ៉ែប្រេងកាត សម្រាប់ប្រទេសអ៉ីរ៉ង់ នៅតំបន់ឈូងសមុទ្រ Persian Gulf នេះបើតាមព័ត៌មាន Xinhua ចេញផ្សាយ។
ក្រុមហ៊ុន Krasnye Barrikady របស់រុស្ស៊ី នឹងធ្វើការសាងសង់នូវអណ្តូងប្រេងកាត និងផ្ទេរបច្ចេកទេសដែលត្រូវការ មកកាន់អ៉ីរ៉ង់ នេះបើតាមសម្តីលោក Hamid Rezaian អ្នកគ្រប់គ្រងក្រុមហ៊ុន ISOICO ជាក្រុមហ៊ុនសាងសង់នាវារបស់អ៉ីរ៉ង់ បានឲ្យដឹងយ៉ាងដូច្នេះ។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ អណ្តូងប្រេងកាត នឹងត្រូវបានសាងសង់ឡើង ដើម្បីស្វែងរក និងផលិតអ៉ីដ្រូកាបូន នៅក្នុងឈូងសមុទ្រ Persian Gulf។
លោក Rezaian បន្តថា កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់អ៉ីរ៉ង់ ទាញយកផលប្រយោជន៍ ពីក្រុមហ៊ុនរបស់រុស្ស៊ី ដើម្បីផលិតនូវឧបករណ៍មួយចំនួន។ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីដើមខែធ្នូ នៅក្នុងរដ្ឋធានី Tehran របស់អ៉ីរ៉ង់។ លោក Rezaian បានឲ្យដឹងទៀតថា កាលពីខែមុនក្រុមហ៊ុនរបស់លោក កំពុងស្វែងរកការដកទណ្ឌកម្មប្រឆាំងប្រទេសលោកខាងលិច ដើម្បីបង្ហាញពីគម្រោងជាបន្តបន្ទាប់មួយ នៅក្នុងភាពជាដៃគូជាមួយ ក្រុមហ៊ុនផលិតនាវាសំខាន់ៗ នៅលើពិភពលោក ក្នុងនោះរួមមានកូរ៉េខាងត្បូង, អ៉ីតាលី, ចិន, អាល្លឺម៉ង់ និងតួកម៉េនីស្ថាន៕