Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលឃាត់ខ្លួនយុវតីម្នាក់មកណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតថាមានជំងឺ Covid-19 កើតឡើងនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប (Video inside)

11-03-2020 08:03

(សៀមរាប)៖ លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហកាជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបង្ហោះព័ត៌មានមិនពិតករណីជំងឺ Covid-19។

លោកបន្តថា យុវនារីជាជនសង្ស័យរស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្ហោះព័ត៌មានមិនពិតថា «អ្នកព្រៃគុយមួយគ្រួសារឆ្លងវីរុសកូរ៉ូណាហើយ មានកូនគាត់រៀននៅសាលាស្វាយធំ សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងណា ព្រោះពួកគាត់ មិនដឹងបានដើរចម្លងអ្នកណាខ្លះទេ…!»

លោកអធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ តាមរយៈការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ហោះ និងចែកចាយព័ត៌មានមិនពិត នៅលើបណ្តាញសង្គមពិតប្រាកដមែន ក្នុងគោលបំណង ចង់ឲ្យអ្នកភូមិមានការការពារខ្លួន ដោយមិនបានដឹងថា ព័ត៌មានដែលខ្លួនបានបង្ហោះនោះ ជាព័ត៌មានមិនពិតនោះទេ..! ដោយជនសង្ស័យផ្ទាល់ គ្រាន់តែបានស្តាប់ឮពីគេ ដោយមិនបានដឹងថាព័ត៌មាននោះ ពិតឬមិនពិតនោះឡើយ។

លោកអធិការបន្តថា ជនសង្ស័យរូបនេះ ក្រោយពីបានធ្វើការសាកសួរ និងទទួលស្គាល់នូវទោសកំហុស សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ កិច្ចសន្យា និងតម្រូវឲ្យមានអ្នកមកធានា ទើបបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕