Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកញៀនល្បែងជល់មាន់រត់ចែកជើងគ្នា ពេលសមត្ថកិច្ចចុះបង្រ្កាប នៅស្រុកកោះធំ ខេត្តកណ្ដាល

16-02-2020 17:29

(កណ្ដាល)៖ ក្រុមអ្នកញៀនល្បែងស៉ីសង ប្រភេទជល់មាន់ដាក់លុយ បានរត់ចែកជើងគ្នាប្រសាចហុយដីទ្រលោម នៅគ្រាដែលសមត្ថកិច្ចចុះបង្ក្រាប ទីតាំងបញ្ជល់មាន់មួយកន្លែងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចដីចម្ការស្វាយខាងក្រោយ ភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យទាំងអស់ពុំត្រូវបាន កំណត់សំគាល់ឡើយ ដោយសារពួកគាត់រត់បាត់អស់ ប៉ុន្តែសមត្ថកិច្ច ដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1AB-3632, មាន់គក (មាន់ជល់) ចំនួន០២ក្បាល, ស្បែកជើង០១គូ និងប្រដាប់រុំខ្នាយមាន់មួយចំនួន។

សមត្ថកិច្ចបានរៀបរាប់សភាពរឿងហេតុថា កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់ នៅចំណុចចម្ការស្វាយ ភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍សំពៅពូនបានសហការជាមួយនឹងកម្លាំងប្រជាការពារភូមិកប៉ាល់គឿង បានចុះដល់កន្លែងកើតហេតុ។

ពេលដែលឃើញនគរបាលទៅដល់ អ្នកលេងល្បែងទាំងអស់នោះ បាននាំគ្នារត់យករួចខ្លួនទាំងអស់ ដោយបន្សល់ទុក នៅវត្ថុតាងដូចបានចាប់យកខាងលើ នៅកន្លែងកើតហេតុតែម្ដង។

ករណីនេះសមត្ថកិច្ចប៉ុស្ដិ៍សំពៅពូន បាននាំយកវត្ថុតាងទាំងនោះ មករក្សាទុកនៅប៉ុស្តិ៍សំពៅពូន និងកំពង់ស្រាវជ្រាវរកឈ្មោះជនសង្ស័យ ដើម្បីកោះហៅមកធ្វើការអប់រំនៅប៉ុស្ដិ៍រដ្ឋបាល៕