Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្ដីជូនដំណឹង! រកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើន នៅតាមបណ្ដោយច្រាំងស្ទឹងសង្កែ, អាជ្ញាធរប្រាប់ពលរដ្ឋកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់ចាប់ពីថ្ងៃស្អែក ព្រោះត្រៀមបំផ្ទុះ (Video inside)

29-01-2020 15:22

(បាត់ដំបង)៖ គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់ ត្រូវបានរកឃើញនៅតាមបណ្ដោយច្រាំងស្ទឹងសង្កែ ចាប់ពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតដល់សម្ដេចតេជោ ហ៊ុន សេន ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

ជាមួយនឹងបញ្ហានេះ អង្គភាពកំចាត់មីន សហការជាមួយរដ្ឋបាលខេត្ត ត្រៀមនឹងធ្វើការបំផ្ទុះនៅនឹងកន្លែងតែម្ដង ដោយក្រុមការងារអនុវត្តចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០តទៅ ដូច្នេះហើយសូមប្រជាពលរដ្ឋកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់តាមផ្លូវលេខ១ ស្ថិតក្នុងភូមិកំពង់ក្របី, ភូមិកម្មករ សង្កាត់ស្វាយប៉ោ និងផ្លូវ១៥៩D ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

គួរជម្រាបថា កាលពីអំឡុងខែមករា ឆ្នាំ១៩៧៩ ទីតាំងវត្តសង្កែ ត្រូវបានដាក់ជាឃ្លាំងស្ដុកអាវុធ និងគ្រាប់ ហើយបានផ្ទុះធ្វើឲ្យគ្រាប់រប៉ាត់រប៉ាយ តាមបណ្ដោយច្រាំងសង្កែ កន្លែងមកអង្គភាពកំចាត់មីន (ស៉ីម៉ាក់) បានធ្វើការប្រមូលមួយចំនួនហើយ៕