Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវស្នងការខេត្តកំពង់ចាម យកទៅប្រគល់ជូនមន្ដ្រីនគរបាលដែលជួបគ្រោះថ្នាក់ពេលកំពុងបំពេញការងារ

23-01-2020 15:52

(ភ្នំពេញ)៖ អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម យកទៅប្រគល់ជូនមន្ដ្រីនគរបាលខេត្តកំពង់ចាមម្នាក់ ដែលជួបឧបទ្ទវហេតុក្នុងពេលបំពេញបេសកកម្ម នូវថវិកា៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។

មន្ដ្រីនគរបាលខេត្តកំពង់ចាម ដែលទទួលបានអំណោយរបស់អគ្គស្នងការនគរបាលជាតិ ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ គឺលោកអនុសេនីយ៍ឯក ខឹម ប៊ុនធឿន នាយរងផ្នែកបញ្ជាចរាចរណ៍ ដែលបានជួបឧបទ្ទវហេតុ បណ្ដាលឲ្យរងរបួសដៃ និងជើងធ្ងន់ធ្ងរ ក្នុងពេលបំពេញបេសកកម្ម ដោយស្ថានភាពជំងឺ ត្រូវសម្រាកតាមដានព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន ជូនមន្ដ្រីនគរបាលខាងលើផងដែរ និងជូនពរឲ្យឆាប់ជាសះស្បើយដើម្បីឆាប់បានបំពេញការងារជូនប្រទេសជាតិ ទៅតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ទៀតថា នាយឧត្តមសេនីយ៍ នេត សាវឿន នៅពេលដឹងថា មន្ដ្រីនគរបាលណាដែលជួបការលំបាក ឬជួបគ្រោះថ្នាក់ផ្សេងៗ មិនដែលមើលរំលងនោះទេ ពោលតែងតែយកចិត្តទុកដាក់ជានិច្ច ជាក់ស្ដែងដូចថ្ងៃនេះជាដើម ដែលលោកនាំអំណោយរបស់ នាយឧត្តមសេនីយ៍ មកប្រគល់ជូនដល់ដៃតែម្ដង៕