Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា គុយ លៀបគី ចាក់ដីលុបព្រៃកោងកាង ដែនសហគមន៍នេសាទព្រែកត្នោត

19-01-2020 10:57

(កំពត)៖ ព្រៃកោងកាងដែលជាដែនសហគមន៍នេសាទព្រែកត្នោត ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានគេចាក់ដីរំលោភយក។ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានចុះទៅឃាត់សកម្មភាពចាក់ដីលុបព្រៃកោងកាងដែលជាជម្រកធនធានសមុទ្រ និងជាដែនសហគមន៍នេសាទព្រែកត្នោតកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានប្រាប់ Fresh News ឱ្យដឹងថា ការចាក់ដីចូលព្រៃកោងកាងរំលោភយកដែនសហគមន៍នេសាទព្រែកត្នោតនេះ មានប្រវែង១០០ម៉ែត្រ និងទទឹង១០ម៉ែត្រ។ ការចាក់ដីនេះធ្វើឱ្យខូចខាតបង្គោលឡាក់ ព្រំប្រទល់ព្រៃកោងកាងចំនួន៣ដើម និងលុបថ្នាល់បណ្តុះកូនកោងកាងចំនួន៧ពាន់ដើម។

លោក ម៉ម សំណាង ជាមេការគ្រប់គ្រងលើការចាក់ដីបានបញ្ជាក់ថា ការចាក់ដីធ្វើផ្លូវនេះមានទទឹង១០ម៉ែត្រ បណ្តោយ ២៥០ម៉ែត្រ សម្រាប់ធ្វើផ្លូវសាធារណៈ។ លោក ម៉ម សំណាង បន្តថា ការចាក់ដីនេះ លោកទទួលម៉ៅការពីឧកញ៉ា គុយ លៀបគី។

បន្ទាប់ពីសួរនាំរួចនោះ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានណែនាំឱ្យផ្អាកសកម្មភាពចាក់ដីនេះ ដើម្បីស្វែងរកឯកសារពាក់ព័ន្ធផ្សេងៗ។

ពាក់ព័ន្ធការចាក់ដីលុបព្រៃកោងកាង និងដែនសហគមន៍នេសាទនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឱ្យលោក អេង ជាសាន ចុះទៅពិនិត្យជាបន្ទាន់។

លោក អេង ជាសាន បានឱ្យដឹងថា ការចាក់លុបព្រៃកោងកាងនេះ វានាំឱ្យប៉ះពាល់ដល់ជម្រកធនធានសមុទ្រ ហើយក៏ប៉ះពាល់ដល់ការនេសាទរបស់ប្រជាសហគមន៍ផងដែរ៕