Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្ដីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

30-12-2019 12:39

(បាត់ដំបង)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបើកសិក្ខាសាលាថ្នាក់ខេត្តស្ដីពី អ្នកដឹកនាំធ្វើដើម្បីនិរន្តរភាពអនាម័យជនបទក្នុងការ ជំរុញគោលនយោបាយរបសរាជរដ្ឋាភិបាលឲ្យសម្រេច បាន ៩0% នៅឆ្នាំ២០២៣ និងទិសដៅ ១០០% ឆ្នាំ២០២៥លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរបស់ក្រុមការងារបច្ចេកទេស (PWG) ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ»

សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាព អភិបាលក្រុង ស្រុក អង្គការដៃគូរអភិវឌ្ឍន៍ជាច្រើន មេឃុំ ចៅសង្កាត់ចូលរួមផងដែរ។

លោក លន់ សាយតេង បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវនាំគ្នាឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យក្នុងការរស់នៅឲ្យស្អាតល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងត្រូវមានបង្គន់នៅតាមផ្ទះឲ្យបានគ្រប់គ្នា ដើម្បីកុំឲ្យមានការឆ្លងរោគនូវជម្ងឺផ្សេងៗ។

លោក លន់ សាយតេង បានបញ្ជាក់ថា ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានជំរុញទៀតថា នៅពេលប្រជាពលរដ្ឋសុំច្បាប់ធ្វើកម្មវិធីផ្សេងៗនៅមូលដ្ឋាន ឬទីកន្លែងសាធារណៈ គឺដាច់ខាតតំរូវឲ្យគាត់មានបង្គន់អនាម័យជាកត្តាចាំបាច់បំផុត។

លោក សឿម ប៊ុនរិទ្ធ សូមអបអរសាទរដល់សិក្ខាសាលានេះ ដែលតែងបានធ្វើជារៀងរាល់ឆ្នាំ ហើយក៏មានអង្គការដៃគូរជាច្រើន បានសហការចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបានឧបត្ថមគាំទ្រជាមួយគ្នាដោយរលូនបាន។

លោក សឿម ប៊ុនរិទ្ធ បានជំរុញបន្ថែមថា បច្ចុប្បន្ននេះ ការប្រើប្រាស់ទឹកមានអនាម័យស្អាត និងមានបង្គន់អនាម័យ គឺមានសារសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ពិសេសនៅតាមជនបទគ្រប់ទីកន្លែងផងដែរ។ ក្នុងឱកាសនោះដែរ មន្រ្តីជំនាញផ្សេងៗ ក៏បានឡើងធ្វើបទបង្ហាញតាមរយៈការបញ្ចាំងស្លាយពន្យល់ពីអត្ថប្រយោជន៍ ដល់អង្គសិក្ខាសាលាទាំងបានយល់ដឹងផងដែរ៕