Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០១៩ ផ្ទះអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជិត១ពាន់ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន

05-12-2019 17:58

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៩នេះ ផ្ទះចំនួន ៩៩០ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជនដែលខ្វះខាតក្នុងជីវភាព។ ផ្ទះនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពេញមួយឆ្នាំ២០១៩ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ពេញមួយឆ្នាំ២០១៩ ការងារជាច្រើនត្រូវបានសមាគមដោះស្រាយជូនអតីតយុទ្ធជនកម្ពុជា។ ជាពិសេសអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ឬនៅពេលជួបទុក្ខលំបាកនានា។

លោក គន់ គីម បានគូសបញ្ជាក់ថា «ក្នុងឆ្នាំកន្លងមក ដោយបានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញបន្ថែមប្រាក់ជូនសព អតីតយុទ្ធជន គណៈកម្មាធិការសមាគមគ្រប់ជាន់ថ្នាក់ បានបេីកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន បានទាន់ពេលវេលា។ ជាមួយគ្នានេះ បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាក ត្រូវបានសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ផ្ទះជូនចំនួន ៩៩០ខ្នង»

នៅក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សមាគមអតីតយុទ្ធជន បានពិនិត្យ និងដាក់ចេញនូវការងារមួយចំនួនទៀត សម្រាប់បម្រើ និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជនកម្ពុជា។ កិច្ចប្រជុំ ក៏បានស្តាប់នូវរបាយការណ៍ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC ) ដែលធ្វើឡើងនៅដេីមខែធ្នូ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕