Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តពោធិ៍សាត់ បន្តចុះអង្កេតទំនិញនៅផ្សារសាមគ្គីក្រគរ ខេត្តពោធិ៍សាត់, រកមិនឃើញសារធាតុគីមីហាមឃាត់ឡើយ

25-11-2019 17:25

(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះផ្សព្វផ្សាយ អប់រំ និងត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារសាមគ្គីក្រគរ ស្ថិតក្នុងភូមិអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាលទ្ធផលរកមិនឃើញម្ហូប អាហារ នំចំណី ណាមាន សារធាតុគីមីហាមឃាត់ឡើយ។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការចុះត្រួតពិនិត្យនាពេលនេះ មន្រ្តីជំនាញបានធ្វើតេស្តបឋម លើសសៃរគុយទាវ មីដុំ ណែម លត ស្ករត្នោត ទឹកខ្មេះ សាច់ក្រក និងទំនិញវេចខ្ចប់ស្រេច ហើយជាលទ្ធផលរកមិនឃើញសារធាតុគីមីហាមឃាត់ ដែលដាក់ក្នុងម្ហូបអាហារ ឬទំនិញវេចខ្ចប់ឡើយ ក៏ប៉ុន្តែមន្ត្រីជំនាញក៏បានដកហូតទឹកក្រូចកូកាកូឡា ដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១២ដប ស្មើរនឹង ៥,៥គីឡូក្រាមយកទៅកំទេចចោល។

លោក តូច ចៅកុយ បានបន្ថែមថា ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ ( Poster) ព្រមទាំងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញ ដែលមានសារធាតុគីមីហាមឃាត់ផងដែរ៕