Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យអ្នកធ្វើដំណើរតាមដងផ្លូវ អនុវត្តអនុសាសន៍សម្តេចតេជោ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»

24-11-2019 16:48

(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាមផ្លូវថ្នល់ ចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

ការថ្លែងបែបនេះខណៈដែលលោកស្រីតំណាងលោក ម៉ែន វិបុល អភិបាលខេត្តជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់អ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាស្រុកស្វាយជ្រំ។

លោកស្រី ឯក សុវណ្ណភារៈ បានថ្លែងការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាសំខាន់ ទៅលើគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងក្នុងទឹកដីខេត្តស្វាយរៀង ដើម្បីបង្កើនស្មារតីទប់ស្កាត់ឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។

លោកស្រីបានបញ្ជាក់ថា ការរៀបចំទិវានេះ ជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមាន ផ្លូវ ស្ពាន តភ្ជាប់ជាក្រឡាចត្រង្គ ទៅគ្រប់ទិសតំបន់ ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង ធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈល្អប្រសើរជាបន្តបន្ទាប់ អាចមានលទ្ធភាពទិញនូវម៉ូតូ រថយន្ត ស្ទើរតែគ្រប់ក្រុមគ្រួសារ ដើម្បីធ្វើដំណើរទំនាក់ទំនងទេសចរណ៍ និងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរ ផលិតផល នៅក្នុងផ្ទៃប្រទេស និងជាមួយប្រទេសជិតខាងយ៉ាងមមាញឹក។

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើរបាយការណ៍ បញ្ជាក់អំពីគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៩ខែ ឆ្នាំ២០១៩ ប្រៀបធៀបនឹងរយៈពេល ៩ខែ ឆ្នាំ២០១៨ គឺថយចុះ ០៦លើក ស្មើ៥%៕