Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ជណ្តើរឈើថ្មី នៅរមណីយដ្ឋានក្បាលស្ពាន

20-11-2019 16:17

(សៀមរាប)៖ ជណ្តើរឈើនៅរមណីយដ្ឋានក្បាលស្ពាន ដែលសាងសង់ឡើង កាលពីឆ្នាំ២០០៧ បានទទួលរងនូវការពុកផុយ ចាស់ទ្រុឌទ្រោមដោយសារអាយុកាល កម្តៅ និងទឹកភ្លៀងនោះ ពេលនេះត្រូវបានសាងសង់ថ្មីឡើងវិញ នៅតាមទីតាំងចាស់ ដោយនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះ ទៅទស្សនារមណីយដ្ឋានមួយនេះ។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ ឧទ្យានអង្គរបានឱ្យដឹងថា ដំណើរការសាងសង់ស្ពានឈើថ្មី នៅរមណីយដ្ឋានក្បាលស្ពាន បានចាប់ដំណើរការកាលពីថ្ងៃទី១៥ ខែវិច្ឆិកា គ្រោងនឹងបញ្ចប់ត្រឹមរយៈពេល១ខែ។

ប្រធានគម្រោងរូបនេះបញ្ជាក់ថា ជណ្តើរឈើថ្មីធ្វើនៅទីតាំងចាស់ដដែល មាន៣ចំណុច គឺនៅរោងជម្រកទី១ រោងជម្រកទី២ និងចំណុចទឹកធ្លាក់។ ចំពោះឈើដែលប្រើមានចំនួន៩ម៉ែត្រគូប ជាប្រភេទឈើផ្ចឹកនិងរាំង ដែលអាចធន់បានពី១០ទៅ១៥ឆ្នាំ។

ទាក់ទងនឹងដំណើរការជួសជុលនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំត្រួសត្រាយធ្វើផ្លូវវាងសម្រាប់ភ្ញៀវមកទស្សនាដើរបណ្តោះអាសន្ន។ ពិសេសសូមការយោគយល់ពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈក្រុមការងារកំពុងបំពេញភារកិច្ចរយៈពេលខ្លីឱ្យបានល្អប្រសើរ៕