អតីតសមាជិកក្រុមប្រឹក្សាបក្សសង្គ្រោះជាតិ ២នាក់ទៀត នៅឃុំជើងគោ ខេត្តព្រះសីហនុ សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន ក្រោយដឹងពីល្បិចបោកប្រាស់របស់ សម រង្ស៉ី (Video inside)
14-11-2019 21:49
(ព្រះសីហនុ)៖ អតីតសកម្មជន និងមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ទៀតហើយ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយភ្ញាក់រលឹក និងស្គាល់ច្បាស់ពីសណ្ដានបោកប្រាស់របស់ទណ្ឌិត សម រង្ស៉ី ដែលជាមេឧទ្ទាមក្រៅច្បាប់។
លិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អតីតសកម្មជន និងមានតួនាទីជាក្រុមប្រឹក្សានោះ ទី១៖ឈ្មោះ ប៉ុក បឿន និងទី២៖ឈ្មោះ ង៉ែត ហ៊ន រស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សកម្មជនទាំង២នាក់នេះ សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា មូលហេតុដែលសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាដោយបច្ចុប្បន្នមើលឃើញ ពីទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកមួយចំនួនទៀត ដែលធ្វើមិនល្អមកប្រទេសជាតិ ក៏ដូចជាមកលើប្រជាជនទូទាំងប្រទេស។ ពិសេស ការឃោសនាបង្កចលាចល ដោយគ្មានមូលដ្ឋានពិត ការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ប្រជាពលរដ្ឋ ដើម្បីតែអំណាចផ្ទាល់ខ្លួន និងបក្ខពួកប៉ុណ្ណោះ។
គួរជម្រាបថា ក្រោយពីឃើញនូវទង្វើយ៉ាងជាក់ច្បាស់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបន្ដបោកប្រាស់អ្នកគាំទ្រ ដោយមិនវិលចូលស្រុកតាមការសន្យា និងញុះញង់ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន និងសកម្មជនរបស់គណបក្សខ្មោចមួយនេះ បានប្រកាសដើរចេញជាបន្ដបន្ទាប់ និងចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕